អន្តរជាតិ

រុស្ស៊ីជូនរង្វាន់សរុបជាង១០ម៉ឺនដុល្លារអាម៉េរិក បើកម្ទេចបានរថក្រោះ Abrams ឬ Leopard គ្រឿងដំបូង

រុស្ស៊ីប្រកាសជូនសគុណរង្វាន់ដល់យោធាជាង១០ម៉ឺនដុល្លារអាម៉េរិក ប្រសិនបើអាចកម្ទេចបានរថក្រោះ Abrams ឬ Leopardខ្លារខិនគ្រឿងដំបូង។

នេះដោយយោងតាមប្រភពក្នុងស្រុករបស់រុស្ស៊ីផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃអង្គារ ទី ៣១ ខែមករា។ ប្រភពពី Ivan Okhlobystin ជាតារាសម្តែងរុស្ស៊ីដ៏ល្បីល្បាញបាននិយាយថា ក្រុមហ៊ុនរុស្ស៊ី Fores ក្រុមហ៊ុនលក់​ឧបករណ៍​គ្រឿងអណ្តូងប្រេង ស្ម័គ្រចិត្តចេញមុខរ៉ាប់រងដាច់ដោយឡែកលើប្រាក់រង្វាន់ចំនួន ៥លានរូប ស្មើនឹង ៧១.៥០០ដុល្លារអាម៉េរិកដល់យោធារុស្ស៊ីណាដែលអាចបំផ្លាញរថក្រោះ Abrams ឬ Leopard ខ្លារខិនរបស់លោកខាងលិចដែលនឹងមកដល់អ៊ុយក្រែននាពេលខាងមុខ។

ប្រភពដដែលបានលម្អិតទៀតថា ប្រាក់រង្វាន់ចំនួន ៧១.៥០០ដុល្លារអាម៉េរិកនេះគឺផ្តល់ជូនសម្រាប់​គ្រឿងដំបូង ចំណែកបើសិនជាអាចកម្ទេចបានគ្រឿងបន្ទាប់គឺនឹងទទួលបាន៥សែនរូប ស្មើនឹងប្រហែល ៧.១០០ ដុល្លារអាម៉េរិកពីលើទៀតពីក្រុមហ៊ុន Fores ។ Okhlobystin បានសរុបប្រាក់រង្វាន់ចុងក្រោយពី​បណ្តាអាជីវកម្មរុស្ស៊ីធំៗ សម្រាប់យោធាបូកទាំង Foresខាងលើទាំងអស់គឺដល់ទៅ ១០លានរូប ដែលស្មើនឹង១៤៣.០០០ដុល្លារអាម៉េរិក សម្រាប់ការកម្ទេចរថក្រោះធុនធ្ងន់មួយគ្រឿងៗ។

ក្រៅពីសគុណរថក្រោះ  Fores ក៏បានបញ្ជាក់ទុកជាមុនទៅលើយន្តហោះចម្បាំងអាម៉េរិក F-15 និង F-16 ផងដែរប្រសិនបើត្រូវបានបញ្ជូនមកកាន់អ៊ុយក្រែន។ ថ្លៃសគុណសម្រាប់ការកម្ទេចយន្តហោះចម្បាំង​អាម៉េរិកដំបូងនឹងទទួលបាន១៥លានរូបដែលស្មើនឹងប្រមាណ ២១៤.៥០០ដុល្លារអាម៉េរិក៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖ Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា