សន្ដិសុខសង្គម

រថយន្តបុកម៉ូតូមនុស្សហោះទៅចិញ្ចើមផ្លូវម្ខាងបណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ​៖រថយន្តហាយឡេនឌ័រដឹកជនបរទេសបានបុកជាមួយម៉ូតូ បណ្តាលឱ្យបុរសម្នាក់ហោះ​ទៅ​ចិញ្ចើមផ្លូវម្ខាងរងរបួសធ្ងន់ធ្ងរ រួចរថយន្តបង្កបើករត់ តែពលរដ្ឋដេញចាប់បានវិញ។ករណីបង្កការភ្ញាក់ផ្អើលនេះនៅតាមផ្លូវឌួងងៀប ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣១ ខែមករា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញបុរសខ្មែរម្នាក់បើករថយន្តហាយឡេនឌ័រ​ផ្លាកលេខភ្នំពេញ2AO-6546 ដឹកភ្ញៀវបរទេសប្រុសស្រី២នាក់ធ្វើដំណើរតាមផ្លូវឌួងងៀបពីត្បូងទៅជើង។

មកដល់កន្លែងខាងលើបានបុកជាមួយម៉ូតូម៉ាក​ Yamaha ផ្លាកលេខភ្នំពេញ1HF-5412 ចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យម៉ូតូជាមួយមនុស្សហោះទៅលើចិញ្ចើមផ្លូវម្ខាងបាក់បែកខ្ទេចខ្ទី និងរងរបួសធ្ងន់ត្រូវបានដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។​ដោយឡែករថយន្តបង្កហេតុ​បានព្យាយាមបើករត់ ត្រូវបានអ្នកដំណើរនាំគ្នាដេញចាប់បានមកវិញ។ប៉ុន្តែតៃកុងបានរត់បាត់ទុកភ្ញៀវជនបរទេសនៅលើរថយន្តនោះ៕ដោយ៖វិចិត្រ