សន្ដិសុខសង្គម

រថយន្តទំនើបបុកម៉ូតូរួចអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖រថយន្តទំនើបម៉ាកម៉ាស់ស្តា បានបើកបុកម៉ូតូពីចំហៀងពេញទំហឹងពេលកំពុងជិះឆ្លងផ្លូវ​រួចអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យបុរសខាងម៉ូតូរងរបួសធ្ងន់។គ្រោះថ្នាក់នេះបានកើតឡើងនៅ​ភ្លើងស្តុប៩២ ផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣១ ខែមករា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមផ្លាកលេខមណ្ឌលគិរី1A-2367 ធ្វើដំណើរតាមផ្លូវលេខ៩២ឆ្លងទៅផ្លូវភ្នំពេញ-ហាណូយពីកើតទៅលិច។

មកដល់កន្លែងខាងលើ មានរថយន្តម៉ាក Mazda ផ្លាកលេខភ្នំពេញ2BA-1197បើកដឹកក្រុមគ្រួសារ​មានក្មេងចាស់ប្រុសស្រី៦នាក់។រថយន្តបើកតាមផ្លូវភ្នំពេញ-ហាណូយ​ពីជើងទៅត្បូងហ្វ្រាំងមិនទាន់​ក៏ជ្រុលបុកម៉ូតូរួចអូសជាច្រើនម៉ែត្របណ្ដាលឱ្យខាងម៉ូតូរងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយករថយន្តនិងម៉ូតូទៅទុករង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ