សន្ដិសុខសង្គម

រថភ្លើងបុករថយន្តពេលបើកឆ្លងផ្លូវដែក បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

កំពត៖រថភ្លើងបានបុករថយន្តពេញទំហឹងពេលកំពុងបើកឆ្លងកាត់ផ្លូវដែក បណ្តាលឱ្យបុរសម្នាក់​រងរបួសធ្ងន់ ត្រូវអ្នកភូមិជួយបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង​ស្ថិតក្នុងភូមិកំពង់សំរោងខាងជើង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពតកាលពីរសៀលថ្ងៃទី៣០ ខែមករា។

លោកវរសេនីយ៍ទោ សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះខាត់ សារុន អាយុ៦៧ឆ្នាំ នៅភូមិខ្មុត ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មុនគ្រោះថ្នាក់នេះកើតឡើង គេឃើញរថយន្តម៉ាកកាមរី ផ្លាកលេខភ្នំពេញ2L-6034 បើកពីជើងទៅត្បូង​ឆ្លងផ្លូវដែក។ពេលនោះស្រាប់តែរថភ្លើងមកដល់ក៏បុកពេញទំហឹងបណ្តាលឱ្យ​រថយន្តខ្ទាតក្រឡាប់​ចូលទឹកតែម្តង។ក្រោយពីរថភ្លើងទៅផុត អ្នកជិតខាងបានចូលទៅជួយឃើញតៃកុងរថយន្តរងរបួសធ្ងន់​ក៏ហៅរថយន្តដឹកទៅមន្ទីរពេទ្យជាបន្ទាន់៕ដោយ៖កំចាយ