អន្តរជាតិ

បារាំង និង​អូស្ត្រាលី​​ប្រកាស​​រួម​គ្នា​ផលិត​ និង​បញ្ជូន​គ្រាប់​កាំភ្លើង​ធំ​ទៅ​អ៊ុយក្រែន

ប្រទេសបារាំងនិងអូស្រ្តាលី បានប្រកាសរួមគ្នាលើផែនការថ្មីចុងក្រោយរ៉ាប់រងការផលិត និងបញ្ជូន​គ្រាប់កាំភ្លើងធំ១៥៥មិលី្លម៉ែត្ររាប់ពាន់គ្រាប់ទៅកាន់អ៊ុយក្រែន។

សេចក្តីប្រកាសរួមនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles និងរដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornuកាលពីថ្ងៃចន្ទទី ៣០ ខែមករា ឆ្នាំ២០២៣។ តាមការបញ្ជាក់ដោយរដ្ឋមន្រ្តី ផែនការនេះនឹងត្រូវបានដឹកនាំដោយក្រុមហ៊ុន​ផលិតអាវុធរបស់បារាំង Nexter សហការជាមួយក្រុមហ៊ុនផលិតអាវុធរបស់អូស្ត្រាលី ធ្វើយ៉ាងណាដើម្បីអាចផ្តល់ជូននូវគ្រាប់កាំភ្លើងធំជាច្រើនពាន់គ្រាប់ឲ្យអ៊ុយក្រែន។ កាលបរិច្ឆេទមិនត្រូវបានបញ្ជាក់ច្បាស់លាស់ទេ តែនឹងធ្វើឡើងឆាប់ៗប៉ុន្មានសប្តាហ៍ខាងមុខទៀត។

ផែនការដែលមានតម្លៃរាប់លានដុល្លារនេះ គឺជាការផ្តល់ជូនចុងក្រោយបំផុតនៃការ   គាំទ្រសម្រាប់អ៊ុយក្រែនដោយប្រទេសបារាំង និងអូស្រ្តាលីផ្ទាល់ ហើយកើតឡើងចំពេល​មានការអំពាវនាវកាន់តែខ្លាំងឡើងពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy សម្រាប់អាវុធធុនធ្ងន់ និងការផ្គត់ផ្គង់រយៈពេលវែងពីសម្ព័ន្ធមិត្តលោកខាងលិចជិតមួយឆ្នាំនៅក្នុង​សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា