អន្តរជាតិ

ន័រវេសថានឹងបញ្ជូនរថក្រោះ Leopard ទៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ទន្ទឹមជាមួយគ្នានេះ ប្រទេសន័រវេសបានជូនដំណឹងថា ខ្លួននឹងបញ្ជូនរថក្រោះខ្លារខិន Leopard ទៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសន័រវេសបាននិយាយថា ប្រទេសន័រវេសនឹងបញ្ជូនផ្នែកមួយ​នៃរថក្រោះប្រយុទ្ធ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់របស់ខ្លួនទៅកាន់អ៊ុយក្រែន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” នៅប្រហែលជាចុងខែមីនាខាងមុខនេះ។ ចំពោះចំនួនដែលនឹងត្រូវបញ្ជូន គេមិនទាន់ដឹងច្បាស់លាស់ទេ គ្រាន់តែដឹងថា ន័រវេសមានរថក្រោះខ្លារខិន Leopard 2 សរុបចំនួន ៣៦ គ្រឿង។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Bjorn Arild Gram បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “យើងមិនទាន់បានកំណត់ចំនួននោះទេ”។ “ពិត​ណាស់ យើង​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។

ប្រទេសន័រវេសគឺជារដ្ឋមួយស្ថិតក្នុងចំណោមបណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលបានសន្យាកាលពីសប្តាហ៍មុនក្នុងការប្រគល់រថក្រោះដែលអ៊ុយក្រែនស្វែងរកជាយូរមកហើយសម្រាប់ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ វាកើតឡើងបន្ទាប់ពីអាល្លឺម៉ង់បានបើកភ្លើងខៀវ ទោះបីជាមានការភ័យខ្លាចពីការសងសឹក​ដោយទីក្រុងមូស្គូក៏ដោយ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា