សន្ដិសុខសង្គម

ឆេះក្លិបកម្សាន្តមួយក្នុងក្រុងព្រះសីហនុ បណ្ដាលឱ្យស្លាប់២នាក់ រងរបួស៣នាក់

ខេត្តព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះក្លិបកម្សាន្តមួយក្នុងក្រុងព្រះសីហនុ បណ្តាលឱ្យមនុស្ស២នាក់​បានស្លាប់និងរងរបួស៣នាក់ ស្ថិតនៅម្តុំឧតុនិយមក្នុងក្រុងព្រះសីហនុ។ហេតុការណ៍នេះបាន​កើតឡើងនៅក្លិបកម្សាន្តមួយយីហោ Julie & Anna Tokyo ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែមករា។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យបណ្តាញ​សារព័ត៌មានដឹងថា អគ្គិភ័យនេះបណ្តាលមកពីជាងផ្សារដែកក្នុងក្លិប ពេលកំពុងផ្សារក៏ឆាបឆេះតែម្តង។ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់មិនឱ្យឆេះរាលដាល។

សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ៥នាក់ទៅមន្ទីរពេទ្យ ប៉ុន្តែដោយបញ្ហារបួសធ្ងន់ធ្ងរ ​ជនរងគ្រោះ​ក៏បានស្លាប់២នាក់។អ្នករងរបួសចំនួន៣នាក់ ស្លាប់២នាក់នោះ​ឈ្មោះ ហ៊ន​ ស្រីវ៉េត​ ភេទស្រី​ អាយុ​១៨ឆ្នាំ​ បានស្លាប់។​ឈ្មោះភន​ មករា​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ បានស្លាប់​។ពួកគេរងគ្រោះដោយសារឈ្លក់ផ្សែងភ្លើង។

អ្នករងបួសឈ្មោះ​ណន ​រតនៈ អាយុ​២០ឆ្នាំ​- ឈ្មោះប្រាក់សារ៉ូ ភេទស្រី អាយុ ៣៤ឆ្នាំ ជាបុគ្គលិកនិងឈ្មោះ វង្ស សារុំ ភេទស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកក្លិប។ជនរងគ្រោះស្នាក់នៅភូមិ៥ ​សង្កាត់លេខ៤ ក្រុង​/ខេត្តព្រះសីហនុ​។ចំណែកម្ចាស់ក្លិបឈ្មោះហុង សេង អាយុ ៣៣ឆ្នាំ។គ្រោះអគ្គិភ័យនោះបង្កការខូចខាតក្លិបនិងសម្ភារត្រូវភ្លើងឆេះអស់ទាំងស្រុង៕ដោយ៖វិចិត្រ