អន្តរជាតិ

ចូបៃដិនបដិសេធថា នឹងមិនផ្តល់យន្តហោះចម្បាំងF-16ដល់អ៊ុយក្រែនទេ

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកចូបៃដិន បាននិយាយជាសាធារណៈនៅដើមសប្តាហ៍នេះថា អាម៉េរិកនឹងមិនផ្តល់យន្តហោះចម្បាំងF-16 តាមការស្នើសុំរបស់អ៊ុយក្រែននោះទេ។

ការបញ្ជាក់នេះ បានធ្វើឡើងជាសាធារណៈនៅសេតវិមានកាលពីថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។ នៅពេលសួរថា តើសហរដ្ឋអាម៉េរិកនឹងផ្គត់ផ្គង់យន្តហោះចម្បាំង F-16ទៅអ៊ុយក្រែនឬអត់ លោកបៃដិនបាននិយាយយ៉ាងខ្លីថា “ទេ”, “អត់ទេ”។  លោកមិនបានផ្តល់ហេតុផលជាក់លាក់​ចំពោះការបដិសេធសំណើនេះឡើយ។ កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមាន លោក Jon Finer ក៏បានប្រាប់ទូរទស្សន៍NBC ថា ​សហរដ្ឋអាម៉េរិកនឹងពិភាក្សាអំពីគំនិតនៃការផ្គត់ផ្គង់​យន្តហោះចម្បាំងដល់អ៊ុយក្រែន “ដោយប្រុងប្រយ័ត្នជាទីបំផុត” ជាមួយអ៊ុយក្រែននិងសម្ព័ន្ធមិត្ត តែមិនប្រាកដទេថានឹងយល់ព្រមឡើយ។

អ៊ុយក្រែនបានលើកឡើងនូវសំណើនេះភ្លាមៗ បន្ទាប់ពីសម្ព័ន្ធមិត្តអាម៉េរិក និងអាល្លឺម៉ង់ទើបតែ​បានប្រកាសជំនួយរថក្រោះធុនធ្ងន់ជាច្រើនគ្រឿង។ អ៊ុយក្រែនបាននិយាយជាបន្តបន្ទាប់ថា កង្វល់របស់ពួកគេដំបូងគឺរថក្រោះ បើទទួលបានរថក្រោះ អ៊ុយក្រែននឹងមានភាពល្អប្រសើរខ្លាំង​ក្នុងសមរភូមិ ហើយក្រោយមកកង្វល់ធំមួយទៀតគឺយន្តហោះ ចម្បាំង។ Yuriy Sak ទីប្រឹក្សា​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានប្រាប់ CNBC កាលពី សប្តាហ៍មុនថា “មិនយូរទេ យើងនឹងទទួលបានយន្តហោះ F-16”៕

ប្រភព៖  CBS NEWS

ប្រភពរូប៖CBS NEWS
ប្រែសម្រួល៖សុខ តុលា