សេដ្ឋកិច្ច

អគ្គនាយក​ក្រុមហ៊ុន ចែករម្លែក​ពី​វិធី​កសាង​កេរ្តិ៍ឈ្មោះ និង​រកប្រាក់​ចំណូល​ខ្ពស់

ភ្នំពេញ​៖​សាលា​បណ្តុះបណ្តាល​យូ​ជី​ឌី បានរៀបចំ​សិក្ខាសាលា​ឥតគិតថ្លៃ​មួយ ស្តីអំពី «​ក្បួន​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ល្បី​ក្នុង​បណ្តាញ​សង្គម និង​កសាង​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០២៣ »​នា​រសៀល​ថ្ងៃអាទិត្យ ទី​២៩ ខែមករា ឆ្នាំ​២០២៣ នៅ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន​(CJCC)​។​

​វាគ្មិន​ដែល​បាន​ចូលរួម​ចែករម្លែក​ចំណេះដឹង បទពិសោធន៍ នៅក្នុង​សិក្ខាសាលា​នេះ សុទ្ធតែជា​អគ្គនាយក​និង​ក្រុមប្រឹក្សាភិបាលក្រុម​ហ៊ុន ដែល​បាន​ចូលប្រឡូក​ដោយផ្ទាល់​លើ​វិស័យ​ជំនួញ​។

​លោក រស់ សុវណ្ណ​ថា នាយក​សាលា​បណ្តុះបណ្តាល​យូ​ជី​ឌី និង​ជា​អ្នកសម្របសម្រួល​កម្មវិធី បាន​ថ្លែងថា​៖​សាលា​បណ្តុះបណ្តាល​យូ​ជី​ឌី មាន​វគ្គ​សិក្សា​ទាំងអស់​ចំនួន​០៩ ហើយ​វគ្គ​សិក្សា​ទាំងនោះ គឺ​មិន​គិតថ្លៃ​នោះទេ​ដើម្បី​ចែកជូន​បងប្អូន​សិក្ខាកាម​ដែលមាន​បំណង​ចង់​សិក្សា​។​

នៅក្នុង​សិក្ខាសាលា​ស្តីពី​«​ក្បួន​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ល្បី​ក្នុង​បណ្តាញ​សង្គម​និង​កសាង​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០២៣ »​វាគ្មិន​កិត្តិយស​ទាំង​០៤ រូប ដែល​រួមមាន​ឧកញ៉ា ម៉ន សុខា ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យូ​នី​វើ​សល គ្រុប​, ឧកញ៉ា ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក ក្រុម​ហ៊ុន អាយ ឃ្យូ អាយ ខេ​ម​បូ​ឌា​, ឧកញ៉ា ឌី ជោ​ត អគ្គនាយក ក្រុមហ៊ុន ធារ៉ា លាង ឯ​.​ក ,​និង ឧកញ៉ា អ៊ុច សម្បត្តិ អគ្គនាយក ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ បាន​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ដែល​ធ្លាប់​ឆ្លងកាត់ ដូចជា​របៀប​ក្នុង​ការកសាង​ប្រេន​ឌី​ង​ផ្ទាល់ខ្លួន​, ការ​កសាង​ប្រេន​ឌី​ង​សម្រាប់​ស្ថាប័ន​និង​យីហោ​ផ្ទាល់ខ្លួន​ជាដើម​។

​លើសពីនេះទៅទៀត វាគ្មិន​ក៏បាន​បង្ហាញ​អំពី​របៀប​ក្នុងការ​ស្វែងរក​ខ្លួនឯង​ឱ្យឃើញ តាម​សក្តានុពល​រៀងៗ​ខ្លួន​,​ការចេះ​រៀបចំ​ផែនការ​ជីវិត​និង​របៀប​ក្នុង​ការកសាង​ប្រាក់ចំណូល​ខ្ពស់​តាមរយៈ​ការវិនិយោគ ឬ​តាមរយៈ​ក្លាយជា​អ្នកលក់​អាជីព​ជាដើម​៕ដោយៈសិរីមតី