អន្តរជាតិ

ស្លាប់ម្នាក់នៅខាគៀវ ៣នាក់នៅឃើសន បន្ទាប់ពីការបាញ់ផ្លោងរុស្ស៊ីចុងក្រោយ

មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ របួសច្រើននាក់នៅទីក្រុងភាគឦសានខាគៀវ និងទីក្រុងភាគខាងត្បូងឃើសន ដោយសារការបាញ់ផ្លោងឥតសំចៃដៃរបស់រុស្ស៊ី។

យោងតាមសារព័ត៌មានអន្តរជាតិ ការបាញ់ផ្លោងចុងក្រោយនេះបានកើតឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។ រហូតមកដល់ថ្ងៃចន្ទនេះ របាយការណ៍ពីអាជ្ញាធរតំបន់នីមួយៗបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់នៅទីក្រុងធំខាគៀវ និង៣នាក់បានស្លាប់នៅទីក្រុងឃើសនភាគខាងត្បូង ព្រមទាំងរបួសច្រើននាក់ នៅក្នុងការបាញ់ផ្លោងយ៉ាងសាហាវមួយថ្ងៃពេញ។ យោងតាមលោក Zelensky បាននិយាយលម្អិតនៅក្នុងសុន្ទរកថាវីដេអូកាលពីល្ងាចថ្ងៃអាទិត្យរបស់គាត់ថា “ថ្ងៃនេះកងទ័ពរុស្ស៊ី​បានបាញ់ផ្លោងលើ Kherson យ៉ាងឃោរឃៅពេញមួយថ្ងៃ”។ “ស្រ្តីពីរនាក់ជាគិលានុបដ្ឋាយិកា​បានរងរបួស​នៅក្នុងមន្ទីរពេទ្យ។ មក​ទល់​ពេល​នេះ មាន​របាយការណ៍​អ្នក​របួសនៅឃើសនមាន​៦​នាក់ និង​ស្លាប់​៣​នាក់”។ ចំណែកអភិបាលតំបន់ខាគៀវ លោក Oleh Syniehubov បានឲ្យដឹងលម្អិតដែរថា ប្រតិបត្តិការរុករកកំពុងធ្វើឡើងជាមួយគំនរបាក់បែក ខណៈកាំជ្រួចរុស្ស៊ីបានវាយប្រហារលើ​ប្លុកផ្ទះល្វែងក្នុងទីក្រុង Kharkiv ដោយបានសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ និងរបួសយ៉ាងតិចបីនាក់​ផ្សេងទៀត បង្កការខូចខាតយ៉ាងដំណំ។

ជុំវិញព័ត៌មាននេះ រុស្ស៊ីមិនបានចេញទទួលខុសត្រូវទេ បើតាមរូបភាពពីកន្លែងកើតហេតុថត​ដោយអ្នកសារព័ត៌មាន បានបង្ហាញពីអគ្គិភ័យបានឆាបឆេះផ្នែកនៃអគារលំនៅដ្ឋានមួយនៅក្នុង​ទីក្រុងធំទីពីរ​ខាគៀវរបស់ប្រទេសនេះពិតប្រាកដមែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា