សន្ដិសុខសង្គម

សង្គ្រោះជីវិតមនុស្ស២នាក់បន្ទាប់ពីលិចទូកកណ្តាលសមុទ្រអស់ជាច្រើនម៉ោង

ព្រះសីហនុ៖ ក្រុមសង្គ្រោះបានជួយជីវិតជនរងគ្រោះ២នាក់ដែលបានលិចទូកបាត់ខ្លួនក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុងមកក្រុងព្រះសីហនុកាលពីទៀបភ្លឺថ្ងៃទី៣០ មករា ឆ្នាំ២០២៣។

ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា ក្រោយពីមានករណីលិចទូកនៅព្រឹកព្រលឹមថ្ងៃទី៣០មករា២០២៣ ជនរងគ្រោះទាំង២នាក់បានប្រើពីដុងទឹកជ័របណ្តែតខ្លួនក្នុងសមុទ្ររយៈពេលជិត១៤ម៉ោង។លុះដល់ម៉ោងប្រហែលជាជិត៤ល្ងាចទើបអ្នកនេសាទដូចគ្នាបានប្រទះឃើញហើយជួយសង្គ្រោះពីសមុទ្រនៅជិតចំណុចកោះថាស។

ក្រោយទទួលដំណឹងនេះលោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូប៊រ័ល្បឿនលឿនទៅទទួលយកជនរងគ្រោះនាំមកកាន់ក្រុងព្រះសីហនុ។ លោកឧកញ៉ាក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់មួយលានរៀលនិងចេញថ្លៃព្យាបាលទាំងអស់ដល់ជនរងគ្រោះ។

ជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកនោះមានឈ្មោះ  នៅ  គឹមយ៉េង  ភេទប្រុស  អាយុ៤៣ឆ្នាំ  មុខរបរអ្នកបើកទូកនេសាទ  មានស្រុកកំណើតនៅ ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ អេង  អឿន  ភេទប្រុស  អាយុ៤៤ ឆ្នាំ  មុខរបរ ជាអ្នកនេសាទ  មានស្រុកកំណើតនៅខេត្តកែប  បច្ចុប្បន្នស្នាក់នៅទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ជនរងគ្រោះបានបញ្ជាក់ថា  មូលហេតុ ដែលបណ្តាលឲ្យទូកលិច គឺមកពី មានខ្យល់ធ្លាក់ខ្លាំង  ទឹករលកធំៗ  និងម៉ូទ័របូមទឹកខូច  ទើបបណ្តាលឲ្យទូកលិចបែបនេះ៕