សន្ដិសុខសង្គម

រៀបចំសំណុំរឿងនាំជនសង្ស័យសម្លាប់ មនុស្សនៅខេត្តកោះកុងទៅតុលាការ

កណ្ដាល៖កម្លាំងនគរបាលនាយកដ្ឋានបានស្រាវជ្រាវករណីឃាតកម្មនៅខេត្តកោះកុង រហូតចាប់ខ្លួនជនដៃដល់បាននៅស្រុកលើកដែក ខេត្តកណ្ដាល នឹងត្រៀមបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់។

សមត្ថកិច្ចក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ ខែមករា ​​កម្លាំងនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ-នគរបាលខេត្តកោះកុង-ខេត្តកណ្តាលនិងខេត្តព្រៃវែង បានសហការចាប់ជនសង្ស័យឈ្មោះផន ចាន់រ៉ា ហៅលៀន អាយុ២២ឆ្នាំ នៅម្តុំភូមិដើមអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។បុរសនេះពាក់ព័ន្ធករណីឃាតកម្ម ដោយចាក់សម្លាប់មនុស្សបណ្តាលឱ្យជនរងគ្រោះឈ្មោះឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំ នៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៧ ខែមករា នៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ មានករណី ចាក់សម្លាប់មនុស្សបង្កដោយជនសង្ស័យឈ្មោះ ផន ចាន់រ៉ា ជាងសំណង់ កន្លែងកំណើត ស្រុកព្រះស្ដេច ខេត្តព្រៃវែង។មុនចាប់ខ្លួននៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងជនសង្ស័យបានយកវត្ថុរឹងមុតស្រួចចាក់លើជនរងគ្រោះឱ្យស្លាប់រួចរត់គេចខ្លួន៕ដោយ៖វិចិត្រ