សន្ដិសុខសង្គម

រថយន្តព្រូសកំពុងបើកបរត្រូវភ្លើងឆាបឆេះសន្ធោសន្ធៅអស់ទាំងស្រុង ​

ភ្នំពេញ៖រថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ពេលកំពុងបើកបរត្រូវភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ​មិនមានអ្នកជួយទាន់បណ្តាលឱ្យខូចខាតអស់ទាំងស្រុង។ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះ​ស្ថិតនៅតាមផ្លូវបេតុង​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ កាលពីយប់ថ្ងៃទី២៩ ខែមករា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូង​រថយន្តម៉ាកតូយ៉ូតា​ព្រូស ​ផ្លាកលេខ​ភ្នំពេញ​ 2AL-8652 កំពុងបើកបររួចក៏ឈប់ភ្លាមចតនៅកណ្ដាលផ្លូវ។ក្រោយមកស្រាប់តែមានភ្លើងឆាបឆេះ​​យ៉ាងសន្ធោសន្ធៅតែម្តង។ប្រជាពលរដ្ឋក៏នាំគ្នាជួយយកទឹកមកជះនិងយកបំពង់អគ្គិភ័យបាញ់ពន្លត់​យ៉ាងណាក៏មិនរលត់ដែរ​។

បន្ទាប់មកសមត្ថកិច្ចបានចេញរថយន្តមកអន្តរាគមន៍បាញ់ទឹកពន្លត់​។ប៉ុន្តែរថយន្តខាងលើត្រូវបាន​ភ្លើងឆេះខ្ទេចអស់សល់តែគ្រោងឆ្អឹង។ក្នុងករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា​ អាចបណ្ដាលមកពីឆ្លង​ចរន្តខ្សែភ្លើងទើបបង្កគ្រោះមហន្តរាយបែបនេះ តែ​មិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង​និងមិនគ្រោះថ្នាក់ដល់មនុស្សទេ​៕ដោយ៖វិចិត្រ