អន្តរជាតិ

មេណាតូស្នើកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន

ប្រមុខអង្គការណាតូ លោក Jens Stoltenberg បានប្រកាសអំពាវនាវសុំឲ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រ​ផ្នែកយោធារបស់ខ្លួនដល់អ៊ុយក្រែនដូចដែលសម្ព័ន្ធមិត្តផ្សេងទៀតបានធ្វើអ៊ីចឹងដែរ។

នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងនៅរដ្ឋធានីសេអ៊ូលថ្ងៃចន្ទនេះ លោក Stoltenberg ដែលជាអគ្គលេខាធិការអង្គការណាតូបានអះអាងថា ព្រឹត្តិការណ៍នៅអឺរ៉ុប និងអាម៉េរិកខាងជើង មានទំនាក់ទំនងអន្តរកម្មជាមួយតំបន់ផ្សេងទៀត ហើយសម្ព័ន្ធភាពពិតជាចង់ជួយគ្រប់គ្រងការគំរាម​កំហែងជាសកលដោយការបង្កើនភាពជាដៃគូនៅអាស៊ីខ្លាំងណាស់។ អង្គការណាតូតែងមាន​គោលបំណងជំរុញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តប្រជាធិបតេយ្យក្នុងតំបន់ប្រឈមមុខនឹងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងការកើនឡើងការប្រកួតប្រជែងជាមួយប្រទេសចិន។

សម្ព័ន្ធភាពបានថ្លែងអំណរគុណដល់កូរ៉េខាងត្បូងជាអនេកសម្រាប់ជំនួយឥតសំណងដល់អ៊ុយក្រែន ដែលរួមមានទាំងជំនួយមនុស្សធម៌សំខាន់ៗ។ក៏ប៉ុន្តែទន្ទឹមនឹងនេះ   ណាតូចង់ឲ្យកូរ៉េខាងត្បូងបំពេញនូវ “តម្រូវការបន្ទាន់” សម្រាប់ជំនួយផ្នែកយោធាពិសេសនាពេលនេះទៅលើគ្រាប់រំសេវ។ លោក​បាន​ចង្អុល​ទៅ​ប្រទេស​ដូច​ជា​អាល្លឺម៉ង់ និង​ន័រវែស​ដែល​មាន​ “គោលនយោបាយ​យូរអង្វែង​មិន​នាំ​ចេញ​អាវុធ​ទៅ​កាន់​ប្រទេស​ដែល​មាន​ជម្លោះ” តែក៏​ត្រូវ​បាន​កែប្រែ​បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​បញ្ជា​ឱ្យ​ចូល​លុកលុយ​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​ ឆ្នាំមុន។ ដូច្នេះណាតូអំពាវនាវឲ្យកូរ៉េខាងត្បូង​ធ្វើដូចគ្នាអ៊ឺចឹងដែរ ដោយបាននិយាយថា “ប្រសិនបើយើងជឿជាក់លើសេរីភាព លទ្ធិប្រជាធិបតេយ្យ ប្រសិនបើយើងមិនចង់ឲ្យរបបផ្តាច់ការឈ្នះ នោះយើងត្រូវតែជួយជំនួយជាអាវុធ”។

គួរជ្រាបថា កូរ៉េខាងត្បូងគឺជាប្រទេសនាំចេញអាវុធពិភពលោកដ៏សំខាន់កាន់តែខ្លាំងឡើង ហើយថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់រថក្រោះរាប់រយគ្រឿងទៅឱ្យបណ្តាប្រទេសនៅអឺរ៉ុប រួមទាំងប្រទេសប៉ូឡូញដែលជាសមាជិកណាតូផងដែរ។ យ៉ាងណាច្បាប់របស់កូរ៉េខាងត្បូង បានហាមប្រាមការនាំចេញអាវុធទៅកាន់ប្រទេសដែលមានជម្លោះសកម្ម ដែលទីក្រុងសេអ៊ូល​បាននិយាយថា វាមានការលំបាកក្នុងការ ផ្តល់អាវុធដោយផ្ទាល់ដល់ទីក្រុងគៀវ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា