អន្តរជាតិ

មនុស្ស៤១នាក់ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឡានក្រុងពីលើស្ពាននៅប្រទេសប៉ាគីស្ថាន

ដោយឡែកមនុស្ស៤១នាក់បានស្លាប់ ៣នាក់រងរបួសនៅក្នុងឧប្បត្តិហេតុធ្លាក់ឡានក្រុងពីលើស្ពាន​នៅខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងពីមន្ត្រីរដ្ឋបាលជាន់ខ្ពស់តំបន់កើតហេតុ លោក Hamza Anjum រាយការណ៍ថា  រថយន្តក្រុងមួយពិតជាបានធ្លាក់ចូលទៅក្នុងជ្រោះមួយកន្លែងដាច់ស្រយាលមួយ​ក្នុងខេត្ត Balochistan ភាគនិរតី។ ទីតាំងកើតហេតុនៅមិនឆ្ងាយពីទីក្រុង Bela ក្នុងសង្កាត់ Lasbela នៃប្រទេសប៉ាគីស្ថាន។ “មកទល់ពេលនេះ សាកសព… គឺច្រើនលើសពីការគ្រប់គ្រង”។ “សាកសពចំនួន ៤០នាក់ ត្រូវបានស្រង់ចេញពីឧបទ្ទវហេតុនេះ រួមជាមួយនឹងអ្នករងរបួសចំនួន ៣ នាក់ ដែលម្នាក់​បានស្លាប់ភ្លាមៗ។

យោងតាមក្រុមមន្ត្រី ឡានក្រុងនេះបានជួបគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរពី Balochistan ទីក្រុង Quetta ទៅកាន់ទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ លោក Anjum បានបន្តរាយការណ៍ថា “មូលហេតុសង្ស័យថា អ្នកបើកបរប្រហែលជាងងុយដេក” និងបានបើកបរក្នុងល្បឿនលឿនក្នុងអំឡុង​ពេលធ្វើដំណើរផ្លូវឆ្ងាយនោះ។

គ្រោះថ្នាក់ឡានក្រុងធ្លាក់ជ្រោះតែងតែកើតមានជាញឹកញាប់នៅខេត្ត Balochistan ។ កាលពីខែមិថុនា​ឆ្នាំមុន មនុស្ស២២នាក់បានស្លាប់ រួមទាំងសមាជិក ៩នាក់នៃគ្រួសារមួយ នៅពេលដែលរថយន្តបានធ្លាក់​ចូលជ្រោះ។ ហើយរំលងបានមួយខែ មនុស្សយ៉ាងហោចណាស់ ១៩ នាក់ក៏បានស្លាប់ទៀត និងរបួស ១២ នាក់ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយបានរអិលធ្លាក់ពីលើផ្លូវភ្នំនៃខេត្ត Balochistan៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា