សេដ្ឋកិច្ច

បេក្ខជន​ជ័យលាភី​ពី​កម្មវិធី Maybank CashVille Kidz ទៅ​ទទួលបាន​ពានរង្វាន់​ថ្នាក់​តំបន់​នៅ​ប្រទេស​ម៉ាឡេស៊ី​

ភ្នំពេញ​៖ កម្មវិធី Maybank CashVille Kidz ជា​កម្មវិធី​មួយ​ជួយ​បណ្ដុះ​និង​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​កម្ពុជា ដែល​បាន ចាប់ផ្ដើម​តាំងពី​ឆ្នាំ២០១៧​មក ហើយ​មកដល់​បច្ចុប្បន្ន​នេះកម្មវិធី ​CashVille Kidz​ ក៏​នៅតែ​បន្ត​ដំណើរការ ដោយបាន​បញ្ជូន​បេក្ខជន​ជ័យ លាភីទៅ​ទទួល​ពានរង្វាន់​ថ្នាក់​តំបន់​នៅ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ ។​

​ថ្លែង​នៅមុន​ពេលចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នកស្រី​អាន​ហេង លក្ខិណា បេក្ខភាព​ជ័យ លាភី​នៃ​គ្រួសារ​ឆ្នើម​ពី​កម្មវិធី​មួយ​នេះ​បាន​មានប្រសាសន៍ថា៖កាលពី​ឆ្នាំ​២០២១​កូន​របស់​អ្នកស្រី គឺ​កុមារា​ សម ប្រាថ្នា​ បាន​ចូលរួម​ក្នុង​កម្មវិធី CashVille Kid​ ម្ដង​រួចហើយ​និង​ទទួលបាន​ជ័យលាភី​ថ្នាក់​ផងដែរ​។​សម្រាប់​ឆ្នាំ​២០២២​កន្លង​ទៅខាង​កម្មវិធី​ក៏បាន​ទាក់ទង​លោក​ស្រី​ពី​ការចូលរួម​ប្រកួត​តែ​លើក​នេះ​គឺ​តម្រូវឱ្យមាន​ការចូលរួម​ពី​គ្រួសារ​បន្ថែម​។ ដោយ​ចាប់អារម្មណ៍​នឹង​កម្មវិធី​នេះ អ្នកស្រី​ក៏បាន​ចូលរួម​ប្រកួត​ជាមួយនិង​កូន​ទើប​ទទួលបាន​ជ័យលាភី មានឱកាស​ទៅ​ចូលរួម​ទទួល​រង្វាន់​នៅ​ប្រទេស​ម៉ាឡេស៊ី​ផ្ទាល់​តែម្ដង ។​

​អ្នកស្រី​បន្តទៀតថានៅក្នុង​ការចូលរួម​នេះ អ្នករៀបចំ​កម្មវិធី​បានដាក់​ជា​វី​ឌី​អូ​ជាច្រើន​មកឱ្យ​មើល​និង​ឱ្យ​អនុវត្តន៍​ទៅតាម​វី​ឌី​អូ​នោះ ។ ដោយ​​អ្នកស្រី​បាន​ពិភាក្សា​និង​អនុវត្តន៍​ជាមួយ​កូន​និង​បាន​ផ្ញើ​វី​ឌី​អូ​ដែល​បាន​អនុវត្តន៍​ទៅ​អ្នករៀបចំ​កម្មវិធី​វិញ​ទើប​ខាង​កម្មវិធី​បាន​ឆ្លើយតប​ថា​អ្នក​ស្រី​បាន​ជាប់​និង​បានឱ្យ​អនុវត្តន៍​ជា​បន្តបន្ទាប់​ទៀត ។​

​អ្នកស្រី​បន្ថែមថា កម្មវិធី​នេះ​គឺ​ល្អ​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការចាត់ចែង​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ​ដែល​ចូលរួម​ប្រកួតប្រជែង ក៏ដូចជា​ការបញ្ជ្រាប​ចំណេះដឹង​នេះ​ដល់​កុមារ​ពី​តូចៗ​ផងដែរ​។​កូន​អ្នកស្រី​ដែល​បាន​ចូលរួម​ប្រកួត​គឺមាន​ការផ្លាស់ប្តូរ​ឥរិយាបថ​ច្រើន​ពី​ការសុំ​ចាយវាយ​តាមចិត្ត​មកជា​ការចាយវាយ​ដោយមាន​ការគិតគូរ​ជាង​មុន​ហើយ​គេ​ចាយ​ទៅលើ​អ្វីដែល​ជាការ​ចាំបាច់​រប​ស់​គេ​តែ​ប៉ុណ្ណោះ ។

​លោក​នង ចាន់ថន បេក្ខភាព​គ្រូ​ឆ្នើម​មកពី​សាលាបឋមសិក្សារ​ស្មី​កុមារ​នៅ​ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា តាមរយៈ​កម្មវិធី CashVille Kidz នេះដែរ​លោក​បាន​យល់ដឹង​ច្រើន​បន្ថែម​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ​ពីព្រោះ​ពី​កម្មវិធី​តែង តែ​ផ្ញើ​ជា​វី​ឌី​អូ​ឱ្យ​បេក្ខភាព​មើល​និង​អនុវត្តន៍​តាម​ហើយ​លោក​ជាម​នុស្ស​ចូលចិត្ត​មើល​អ្វីដែល​ថ្មីៗ​ដែល​ផ្ដល់​ចំណេះដឹង ដូច្នេះហើយ​ទើប​លោក​អាច​ដឹង​បន្ថែម​និង​អនុវត្តន៍​ទៅតាម​អ្វីដែល​កម្មវិធី​បានដាក់​ជូន ។​

​លោក​ អាន អ៊​ន នាយក​សាលាបឋមសិក្សា​រស្មី​កុមារ និង​ជា​បេក្ខភាព​នាយក​សាលា​ឆ្នើម​នៃ​ពានរង្វាន់ ​CashVille Kidz ក៏បាន​ឱ្យដឹង​ផងដែរ​ថា ក្នុងចំណោម​សាលា​ដែល​ចូលរួម​ប្រកួត​ទាំងអស់ ទាំង​សិស្ស​និង​គ្រូ មកពី​សាលា​រស្មី​កុមារ គឺមាន​ចំនួន​ច្រើន​ក្នុង​ការចូលរួម​ប្រកួត​ម្ដងៗ​ទើប​លោក​បាន​ជាប់​ជា​នាយក​ឆ្នើម​ក្នុងចំណោម​សាលា​បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ ។​

​លោកស្រី​ហេង ធីតា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Learning Vision បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា​កម្មវិធី ចំណេះដឹង​ហិរញ្ញវត្ថុ​គឺ​ជួយ​បណ្ដុះ​ចំណេះដឹង​ដល់​កុមារ​តាំងពី​ពួកគេ​នៅ​តូច​ដើម្បីឱ្យ​គាត់​ក្លាយជា​បុគ្គល​ដែលមាន ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ មាន​សមត្ថភាព​អាចឱ្យ​ពួកគេ​ជៀស​ផុស​ពី​គំនាប​សម្ភារៈ​និយម​នៅពេលដែល​ពួកគេ​ធំ​ឡើង ។ លើសពីនេះ​ពេលដែល​គេ​ធំ​ឡើង​ពួកគាត់​អាច​យកចំណេះ​ដឹង​នោះ​ទៅ​គ្រប់គ្រង​អាជីវកម្ម​ដូចជា​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្រុមគ្រួសារ​គាត់ ។​

លោកស្រី​បន្តថា​នៅ​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​តែងតែ​បញ្ជ្រាប​ចំណេះដឹង​ហិរញ្ញវត្ថុ​ទៅដល់​សិស្សានុសិស្ស​តាំងពី​តូចៗ​ម្ល៉េះ​ដោយ​នៅ​ក្នុងប្រទេស​កម្ពុជា​កម្មវិធី​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​មិនទាន់មាន​ការដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​តាម​របស់​រដ្ឋ​ទូលំទូលាយ​នៅឡើយ​។ យ៉ាងណាក្ដី កម្មវិធី​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ​MoneyTree​បាន​ព្យាយាម​ដាក់បញ្ចូល ទៅក្នុង​ការអប់រំ នៅតាម​ស​សាលា​មួយចំនួន​រួចហើយ ហើយក៏​ព្យាយាម​ដាក់​បន្ថែមទៀត​តាមតែ​អាចធ្វើ​ទៅបាន​៕​ដោយៈផាវី