អន្តរជាតិ

បូរីសចនសុនអតីតនាយករដ្ឋមន្រ្តីអង់គ្លេសថា ពូទីនបានគំរាមសម្លាប់លោកក្នុងអំឡុងដើមដំបូងនៃសង្រ្គាម

អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោកបូរីសចនសុន បានចេញមុខលាតត្រដាងព័ត៌មានថា លោកវ្ល៉ាឌឹមៀរពូទីន បានគំរាមសម្លាប់លោកក្នុងអំឡុងដើមដំបូងនៃសង្រ្គាមនៅអ៊ុយក្រែន។

នេះដោយយោងតាមបណ្តាញសារព័ត៌មាន SKY News ចុះផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។ លោកបូរីសចនសុន បានមានប្រសាសន៍ចោទប្រកាន់មេដឹកនាំរុស្ស៊ីថា បានប្រើពាក្យគំរាមសម្លាប់លោក​នៅក្នុងការសន្ទនាវិសាមញ្ញមួយដែលបានកើតឡើងនៅក្នុងខែកុម្ភៈ បន្ទាប់ពីលោកចនសុន​បានទៅទស្សនកិច្ចទីក្រុងគៀវជួបជាមួយប្រធានាធិបតីហ្សេឡិនស្គី។ អតីតនាយករដ្ឋមន្ត្រីរូបនេះ បានប្រាប់ថា ពូទីនបានប្រើពាក្យគំរាមមកលើរូបលោកថា “ខ្ញុំមិនចង់ធ្វើឱ្យអ្នកឈឺចាប់ទេ ប៉ុន្តែជាមួយនឹងកាំជ្រួច វាចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ”។

ជុំវិញដំណឹងដ៏រសើបនេះ វិមានក្រឹមឡាំងមិនទាន់ចេញការឆ្លើយតបទេ។ សូមបញ្ជាក់ជាថ្មីថា លោកបូរីស ចនសុន​ គឺជាអតីតនាយករដ្ឋមន្រ្តីអង់គ្លេស ដែលបានផ្តល់នូវការគំាទ្រអ៊ុយក្រែន​យ៉ាងលេចធ្លោបំផុតក្នុងនាមជាសម្ព័ន្ធមិត្តលោកខាងលិច។ លោកបានប្រកាសនូវកញ្ចប់ជំនួយ​ក្រាស់ក្រែលទាំងផ្នែកយោធា និងមនុស្សធម៌ដល់អ៊ុយក្រែន រហូតទទួលបានកត្តិនាមជាវីរបុរស​ពីសំណាក់ប្រជាជនអ៊ុយក្រែន។ យ៉ាងណាមិញ ដោយសារមានការបាត់បង់ទំនុកចិត្តក្នុងជួរសភា ចនសុនក៏បានប្រកាសលាលែងពីតំណែង៕

ប្រភព៖  SKYNEWS

ប្រភពរូប៖SKYNEWS
ប្រែសម្រួល៖សុខ តុលា