សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ចំណោម៤នាក់ស្ទាក់ប្លន់ម៉ូតូទៅតុលាការ

កណ្តាល៖ នគរបាលជំនាញខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមករា បានបញ្ជូនជនសង្ស័យ​ម្នាក់ចំណោម៤នាក់ករណីស្ទាក់វាយប្លន់យកម៉ូតូទៅតុលាការ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័ យជាមុខសញ្ញាជួញដូរគ្រឿងញៀននិងវាយប្លន់យកម៉ូតូឈ្មោះប៉ុល បូរិន អាយុ៣៦ឆ្នាំ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល។សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមករា ។

លោកអធិការបានបន្តថា ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីបទជួញដូរគ្រឿងញៀន​១លើកនិងហិង្សាដោយចេតនា១លើក ហើយមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទជួញដូរ​សារធាតុញៀនទៀតផង។បន្ទាប់ពីចាប់ខ្លូនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

គួររំលឹកថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែមករាកន្លងទៅ ជនសង្ស័យនិងបក្ខ​ពួក៣នាក់ទៀតបានស្ទាក់វាយនិងជិះបុកប្លន់ម៉ូតូជនរងគ្រោះម្នាក់ឱ្យដួលឈ្មោះ កយ ថា អាយុ៤៨ឆ្នាំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្រុមនេះបានធ្វើសកម្មភាពនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល រួចយកម៉ូតូម៉ាកហុងដាប៊ីត ទៅបាត់។ ក្រោយបើកការស្រាវជ្រាវក៏ឈានដល់​ចាប់ជនសង្ស័យម្នាក់។ចំណែកឯបក្ខពួកគេ៣នាក់ទៀតបានកំពុងរត់គេចខ្លួន៕ដោយ៖វិចិត្រ