សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់ករណីប្លន់ប្រដាប់អាវុធទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធក្នុងក្រុងភ្នំពេញបានជាបន្តបន្ទាប់ ចំនួន៣នាក់ ហើយត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។


សមត្ថកិច្ចបានឱ្យដឹងកាលពីរសៀលថ្ងៃទី២៩ ខែមករាថា​ កម្លាំងនគរបាលខណ្ឌកំបូល បាន សហការជាមួយនគរបាលរាជធានីភ្នំពេញ-ខណ្ឌពោធិ៍សែនជ័យ-ខណ្ឌដង្កោនិងនគរបាលស្រុក​អង្គស្នួល។កម្លាំងចុះស្រាវជ្រាវចាប់ជនសង្ស័យដែលបាញ់ប្លន់ជនរងគ្រោះជាច្រើនករណីក្នុងខណ្ឌ​កំបូលនិងរាជធានីភ្នំពេញនាពេលកន្លងមក។

ថ្ងៃទី២៦ ខែមករា ផ្នែកជំនាញចាប់បានម្នាក់ឈ្មោះ ពុធ រតនៈ ហៅកាក់ អាយុ ២៦ឆ្នាំ ស្នាក់នៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ថ្ងៃទី២៦ ខែមករាដដែល ចាប់បានម្នាក់ទៀតឈ្មោះ ឡាយ ឋានៈ ហៅ ភ្លោះអាយុ ២៧ឆ្នាំ នៅសង្កាត់ចោមចៅ៣។ថ្ងៃទី២៧ ខែមករា ចាប់បក្ខពួកទទួល​ផលចោរកម្មឈ្មោះសោម សុភា អាយុ ២៦ឆ្នាំ នៅឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល។

ជនសង្ស័យបានប្រព្រឹត្តហិង្សាដោយប្រើអាវុធខ្លីភ្ជង់និងវាយប្លន់យកម៉ូតូពីជនរងគ្រោះទាំង៣លើកនៅភូមិសាស្ត្រតែមួយនៅផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី១៧-១៩ ខែធ្នូ២០២២ និងលើកទី៣ថ្ងៃទី២០ ខែមករាឆ្នាំ២០២៣៕ដោយ៖វិចិត្រ