សន្ដិសុខសង្គម

ឆេះតូបលក់​ខោអាវចំនួន​២​ក្នុងផ្សារសឡា ខូចខាតសម្ភារជាច្រើន

ភ្នំពេញ​៖​អគ្គិភ័យបានឆាបឆេះតូបលក់​ខោអាវចំនួន​២​កន្លែង​ក្នុងបរិវេណផ្សារសឡា​​ បណ្តាលឱ្យខូចខាត​សម្ភារអស់ជាច្រើនទាំងកណ្តាលយប់ ថ្ងៃទី២៩ ខែមករា។

ករណីបង្កការ​ភ្ញាក់ផ្អើល​ត្រូវបានកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ជាមួយ​​នគរបាល​ជំនាញ​​ចុះជួយ​អន្តរាគមន៍​បាញ់ទឹកពន្លត់ភ្លាមៗមិនឱ្យឆេះរាលដាលឡើយ​។ ក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករានេះថា អគ្គិភ័យបានកើតឡើងសិ្ថតនៅផ្សារសឡា ផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

​សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យឆាបឆេះនេះ​គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ក្នុងនោះបានធ្វើឱ្យឆាបឆេះ​តូបអស់ចំនួន​២និងសម្ភារក្នុងតូបនោះអស់ជាច្រើន តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងគ្រោះថ្នាក់មនុស្សទេ។ភ្លើងបានរលត់ទាំងស្រុងនៅយប់ថ្ងៃដដែល​ដោយសមត្ថកិច្ចប្រើរថយន្តបាញ់ទឹកអស់ចំនួន​២គ្រឿង​៕ដោយ៖វិចិត្រ