សន្ដិសុខសង្គម

ឃុំខ្លួនស្រ្តីអាជីវករម្នាក់ករណីចេញសែកអត់ សាច់ប្រាក់ចំនួន៥.០០០ដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែមករា បានឃុំខ្លួនស្រ្តីអាជីវករអនឡាញម្នាក់ ដាក់ពន្ធនាគារព្រៃស “ម២” បណ្តោះអាសន្នករណីចេញសែកស្អុយចំនួន៥.០០០ដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីជាប់ចោទឈ្មោះសល់ ស្រីនៀត អាយុ​២៥ឆ្នាំ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៨ ខែមករា ពីបទចេញមូលប្បទានបត្រគ្មាន សាច់ប្រាក់ជាសែកស្អុយចំនួន៥.០០០ដុល្លារ។

មុនឃាត់ខ្លួន ស្ត្រីខាងលើនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រោយពីសមត្ថកិច្ចទទួលបាន បណ្តឹងពីម្ចាស់បំណុល។បន្ទាប់ពីសាកសួរជនសង្ស័យរួចបានរកឃើញពិតជាបានពាក់ព័ន្ធ ប្រព្រឹត្តអំពើនោះមែន។មន្ត្រីនគរបាលយុត្តិធម៌ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការតាមនីតិវិធី។

តាមបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ សល់ ស្រីនៀត បានទៅខ្ចីប្រាក់ពីដើមបណ្តឹងដើម្បីយកមកប្រកបមុខរបររកស៊ីដែលកន្លងមកខ្ចីរួចសងៗ។លើកនេះខ្ចី៥.០០០ដុល្លារសន្យាសងគ្រប់ចំនួនវិញក្នុង១សប្តាហ៍ដោយចេញមូលប្បទានបត្រចំនួន២សន្លឹក។ប៉ុន្តែខាងធនាគារបានបញ្ជាក់យ៉ាងច្បាស់លាស់ថាសែក២សន្លឹកនេះគ្មានសាច់ប្រាក់ទេ៕ដោយ៖វិចិត្រ