អន្តរជាតិ

កូរ៉េខាងជើងរិះគន់លោកខាងលិចផ្តល់រថក្រោះដល់អ៊ុយក្រែន ខណៈគាំទ្ររុស្ស៊ីពេញទំហឹង

ប្រទេសកូរ៉េខាងជើងបានចេញមុខរិះគន់លោកខាងលិច ដែលបានសម្រេចចិត្តផ្តល់រថក្រោះធុនធ្ងន់ ដល់អ៊ុយក្រែន ខណៈបានប្តេជ្ញាគាំទ្ររុស្ស៊ីពេញទំហឹងដោយគ្មានរួញរា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍ អ្នកនាងKim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោនយ៉ាងក្តែងៗចំពោះវិបត្តិនៅអ៊ុយក្រែន ដោយចោទប្រកាន់ថាខ្លួនបាន “ឆ្លងកាត់ខ្សែបន្ទាត់ក្រហមបន្ថែមទៀត” តាមរយៈការបញ្ជូនរថក្រោះ។ លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការលាក់ខ្លួននៅពីក្រោយនេះ គឺជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាម៉េរិកដើម្បីសម្រេចបាននូវគោលបំណងអនុត្តរភាពរបស់ខ្លួន ដោយការពង្រីកសង្គ្រាមប្រូកស៊ីបន្ថែមទៀតសម្រាប់ការបំផ្លាញប្រទេសរុស្ស៊ី” ។

ទីក្រុងវ៉ាស៊ីនតោនគឺជា “ឧក្រិដ្ឋជន” ហើយទីក្រុងព្យុងយ៉ាងនឹង “តែងតែឈរនៅក្នុងលេណដ្ឋានដូចគ្នាជាមួយបុគ្គលិកសេវាកម្ម ក៏ដូចជាប្រជាជនរុស្ស៊ី”។ នាងបានបន្តទៀតថា “ពិភពលោកនឹងកាន់តែភ្លឺស្វាង សុវត្ថិភាព និងស្ងប់ស្ងាត់ជាងឥឡូវនេះ ប្រសិនបើវាមិនមែនសម្រាប់សហរដ្ឋអាម៉េរិក”។

ការព្រមាននេះ កើតឡើងបន្ទាប់ពីកាលពីដើមសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានសន្យាថានឹងផ្ដល់រថក្រោះ Abrams ចំនួន ៣១ គ្រឿង ដែលជាអាវុធដ៏មានឥទ្ធិពល និងទំនើបបំផុតរបស់យោធាសហរដ្ឋអាម៉េរិក ដើម្បីជួយទីក្រុង Kyiv ប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន របស់ទីក្រុងមូស្គូ៕

ប្រភព៖  japantimes

ប្រភពរូប៖ japantimes
ប្រែសម្រួល៖សុខ តុលា