សេដ្ឋកិច្ច

កម្ពុជា​នាំចេញ​អង្ករ​ជាង ៦0ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​

​ភ្នំពេញ​៖​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​នាំចេញ​អង្ករ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០០៩ ដែលមាន​បរិមាណ​ប្រមាណ​ជា ៦០០​តោន ហើយ​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​ដល់​ជាង ៦៣​ម៉ឺន​តោន​ជា​មធ្យម នៅក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​។​នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ឧកញ៉ា ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ពិធីបុណ្យ​អង្ករ​លើក​ទី​៥ នាពេល​ថ្មីៗ​នេះ​នៅ​ខេត្តសៀមរាប​។​

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ទ្រទ្រង់​ដល់​វិស័យ​សេដ្ឋកិច្ច ជាតិ ដែល​បានធ្វើ​ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​កន្លង​ទៅបាន​ចំនួន​ជាង៦៣​ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន​ជាង ៤១៨​លាន​ដុល្លារ និង ​នាំចេញ​ស្រូវ​បាន​ចំនួន​ជាង ៣.៤​លាន​តោន​ស្រូវ ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន​ជាង ៨៨១​លាន​ដុល្លារ បើ​សរុប​ទាំង​ការនាំចេញ​អង្ករ និង​ស្រូវ បាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១,២០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែលជា​ចំណែក​មួយ​យ៉ាងសំខាន់​សម្រាប់​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។​

​បន្ថែម​ពីនេះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា អង្ករ​កម្ពុជា​បានទទួល​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​ប្រពៃ​ជាពិសេស​ប្រភេទ​អង្ករ​ម៉ាក​វិញ្ញាតកម្ម«​ម្លិះ​អង្គរ​»ជា​ប្រភេទ​ពូជស្រូវ​ផ្ការំដួលបាន​ជាប់​ចំណាត់ថ្នាក់​ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ចំនួន៥​ដងគឺ​នៅ​ឆ្នាំ​២០១២ -២០១៣-២០១៤-២០១៨ និង​ចុងក្រោយ​នៅ​ឆ្នាំ​២០២២ នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ​។ សម្រាប់​ការប្រកួត​ចុងក្រោយ​ក្នុង​ឆ្នាំ​២០២២ អង្ករ​ពូជស្រូវ​ផ្ការ​រំដួល​ដែល​ស្ថិតក្រោម​ម៉ាក​វិញ្ញាតកម្ម «​ម្លិះ​អង្គរ​» ត្រូវបាន​ជាប់​ជា​អង្ករ​ល្អ​បំផុត​ពិភពលោក ដោយ​ជ្រើសរើស​ចេញពី​វត្ថុ​សំណាក​អង្ករ​គម្រូ​ចំនួន​ជាង ៤០​សំណាក​អង្ករ ដែល​ផ្តល់​ដោយ​ប្រទេស​ចំនួន ៨​ប្រទេស​។​

​ក្នុង​រយៈពេល ១២​ខែ នៃ​ឆ្នាំ​២០២២ ប្រទេស​កម្ពុជា តាមរយៈ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៦១ បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ៥៩ ប្រទេសដែល​ក្នុងនោះ ប្រទេស​ចិន​រួមទាំង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ បាន​ចំនួន ២៨៨ ៨៣០ តោន ឬ​ស្មើនឹង ៤៥% ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ចំនួន ២៥ បាន​បរិមាណ​សរុប​ចំនួន ២២១ ៥០៤ តោន ឬ​ស្មើនឹង ៣៥% ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៤ បាន​បរិមាណ​សរុប​ចំនួន ៦៤ ៧៣៣ តោន ឬ​ស្មើនឹង ១០% និង​បណ្តា​គោលដៅ​ផ្សេងៗ នៅ​អាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្សី អ៊ុយ​ក្រែ​ន ។​ល​។ ចំនួន ២៧ ប្រទេសនិង​ដែន​កោះ​បាន​បរិមាណ​សរុប​ចំនួន ៦១ ៩៣៧ តោន ឬ​ស្មើនឹង១០% នៃ​ការនាំចេញ​សរុប​ចំនួន ៦៣៧ ០០៤​តោន ដែល​មាន​តម្លៃ​សរុប​ចំនួន ៤១៤.២៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕ដោយៈសិរីមតី