អន្តរជាតិ

អ៊ុយក្រែនរៀបចំក្រុមប្រយុទ្ធយន្តហោះគ្មានមនុស្សបើកថ្មី បំពាក់ដោយផ្កាយរណប Starlink

អ៊ុយក្រែនរៀបចំក្រុមប្រយុទ្ធយន្តហោះគ្មានមនុស្សបើកថ្មី ដឹកនាំដោយអ្នកជំនាញវិជ្ជាជីវៈ និងបច្ចេកទេសខ្ពស់ មានបំពាក់ដោយផ្កាយរណប Starlink ដើម្បីប្រើក្នុងសមរភូមិ។

អគ្គសេនាធិការអ៊ុយក្រែនបាននិយាយនៅលើ Facebook​ ថា អគ្គមេបញ្ជាការ Valeriy Zaluzhnyi បានចុះហត្ថលេខាលើការបង្កើតអង្គភាពយន្តហោះគ្មានមនុស្សបើកនៅក្នុងគម្រោងមួយ ដែលនឹងមានការចូលរួមពីក្រសួង និងទីភ្នាក់ងារមួយចំនួន។ “អ្នកបម្រើដែលមានជំនាញវិជ្ជាជីវៈ​បំផុតរបស់អ៊ុយក្រែន” ត្រូវបានជ្រើសរើសរួចហើយដើម្បីដឹកនាំក្រុម ដែលនីមួយៗនឹងទទួលបាន​យន្តហោះគ្មានមនុស្សបើក និងគ្រាប់រំសេវ ស្ថានីយចាប់រលកសេវាផ្កាយរណប Starlink និងឧបករណ៍ផ្សេងៗទៀត។

ដោយបន្ថែមថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្តល់ឱ្យទាហានរបស់យើងនូវបច្ចេកវិទ្យាទំនើបៗ”។ Starlink គឺជាប្រព័ន្ធអ៊ីនធឺណិតផ្កាយរណបដែលដំណើរការដោយក្រុមហ៊ុន SpaceX របស់ Elon Musk ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទាំងជន ស៊ីវិល និងយោធានៅប្រទេសអ៊ុយក្រែន។ យោងតាមរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យារបស់រដ្ឋាភិបាលអ៊ុយក្រែន អ៊ុយក្រែនបានទិញយន្តហោះ​គ្មានមនុស្សបើកចំនួន ១.៤០០ គ្រឿង ដែលភាគច្រើនគឺទុកប្រើសម្រាប់ការឈ្លបយកការណ៍ និងបង្កើតគំរូប្រយុទ្ធទល់គ្នាជាមួយយន្តហោះគ្មានមនុស្សបើកខាងរុស្ស៊ី៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា