អន្តរជាតិ

អង់គ្លេសអាចនឹងបង្កើតរោងចក្រផលិតអាវុធនៅប៉ូឡូញ ទុកផលិតឲ្យអ៊ុយក្រែនផ្តាច់មុខ

ចក្រភពអង់គ្លេសអាចនឹងបង្កើតរោងចក្រផលិតអាវុធនៅលើទឹកដីប៉ូឡូញផ្ទាល់តែម្តង ដើម្បីទុកផលិត​អាវុធផ្តាច់មុខឲ្យអ៊ុយក្រែនប្រើក្នុងសង្រ្គាមប្រឆាំងរុស្ស៊ី។

ដោយមើលឃើញពីការថយចុះនៃហោប៉ៅលោកខាងលិចជាបន្តបន្ទាប់ ពិសេសការថយចុះ​នៃបរិមាណអាវុធការពារជាតិផ្ទាល់ខ្លួន ព្រោះការបរិច្ចាគលើសលប់ទៅអ៊ុយក្រែន ប្រធានគណៈកម្មាធិការជ្រើសរើសការពារជាតិនៃសភាអង់គ្លេស លោក Tobias Ellwood បានធ្វើការកត់សម្គាល់នូវចក្ខុវិស័យវែងឆ្ងាយសម្រាប់ជំនួយអ៊ុយក្រែនសាងសង់នូវរោងចក្រផលិតអាវុធថ្មី។ លោកថា សមាជិកសភាអភិរក្សនិយមបានគាំទ្រការសម្រេចចិត្តលើការបញ្ជូនរថក្រោះប្រយុទ្ធ​សំខាន់ៗរបស់លោកខាងលិច។ ទោះយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ទីក្រុង Kyiv ជាមួយនឹងខ្សែចង្វាក់​ផ្គត់ផ្គង់ និងប្រភេទសព្វាវុធផ្សេងៗបែបនេះគឺមិនចេះចប់ទេ។ “វាមិនអាចទៅរួចក្នុងរយៈពេលវែង។ ចំពោះរថក្រោះនៅថ្ងៃនេះមិនអីទេ តែយើងត្រូវការយុទ្ធសាស្ត្រដើម្បីប្រាកដថាអ៊ុយក្រែនអាចការពារខ្លួន​បានរឹងមាំដោយខ្លួនឯង”។

ដោយសារធនធានយោធាលោកខាងលិចកំពុងកាត់បន្ថយ លោក Ellwood ជឿជាក់ថា ការកសាង​រោងចក្រអាវុធនៅក្នុងប្រទេសប៉ូឡូញ នឹងជួយធ្វើឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​ក្លាយជា​កងទ័ពឯករាជ្យជាងមុន។ គំនិតនេះអាចត្រូវបានបង្កើតឡើងដោយផ្អែកលើរោងចក្រផលិតបន្ទះឈីប​បើកដោយតៃវ៉ាន់នៅសហរដ្ឋអាម៉េរិក៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា