សន្ដិសុខសង្គម

រថយន្តដឹកថ្មបុកម៉ូតូរ៉ឺម៉កបណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ដៃម្ខាង

ភ្នំពេញ​៖គ្រោះថ្នាក់ចរាចរដោយមាន​រថយន្តធុនធំដឹកថ្មបានបុករួចកិនបន្ថែមលើ​ម៉ូតូសណ្តោងរ៉ឺម៉ក​បណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ហេតុការណ៍នេះ​បានកើតឡើងនៅម្តុំច្រកចូលវត្តជន្លង់ម្លូ ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី២៧ ខែមករា។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉ក​ដឹកអំបោសលក់ធ្វើដំណើរតាមផ្លូវជាតិលេខ៣​ ពីជើងទៅត្បូង​។មកដល់កន្លែងខាងលើ​ស្រាប់តែមានរថយន្តធុនធំដឹកថ្ម​ផ្លាកលេខព្រះសីហនុ3A 2342 បើកពីត្បូងទៅជើងរួចបត់ឆ្លងផ្លូវ​ក៏ជ្រុលបុករួចកិនបន្ថែមលើម៉ូតូបណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ដៃម្ខាងនិងម៉ូតូខូចខ្ទេចខ្ទី។

បន្ទាប់ពីមានគ្រោះថ្នាក់ជនរងគ្រោះត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបង្កនិងម៉ូតូ សមត្ថកិច្ចបានវាស់វែងហើយយករក្សាទុករង់ចាំម្ចាស់ចូលចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ