សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​កូរ៉េ បង្កើន​ការនាំ​ចូល​ផលិតផល​កម្ពុជា​មក ចែកចាយ​លើ​ទីផ្សារ​កូរ៉េ​

​ភ្នំពេញ​៖ ក្នុង​ដំណើរ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច និង​វិនិយោគ​កម្ពុជា​-​កូរ៉េ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​របស់​កម្ពុជា​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ប៊ី​យុង ក្វាន់​គីម​( Byung-Kwan Kim) ប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ និង​សហការី ក្នុង​គោលបំណង​ជំរុញ ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ ក្នុងជំនួប​ពិភាក្សា​នេះ ក៏មាន​វត្តមាន​ចូលរួម​របស់លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​លើកទឹកចិត្ត​សមាជិកសមាគម​អ្នក​នាំចូល​កូរ៉េ ឱ្យ​ទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា និង​កូរ៉េ ជា​សមាជិក ដែល​រួមមាន​ជាអាទិ៍ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន -​កូរ៉េ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ និង​កិច្ច​ព្រម ព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដែល​ទើបនឹង​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ ទី​១ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ និង​ក៏ដូចជា​ការ​ការលើកទឹកចិត្ត​នានា​នៅ ក្រោម​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​។​

​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​ផ្តោត​សំខាន់​ថា ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជ កម្ម​ទាំងនោះ បានផ្តល់​ទីផ្សារ​អនុគ្រោះ និង​លក្ខខណ្ឌ​អំណោយផល​សម្រាប់ ផលិតករ អ្នក​នាំចេញ នាំចូល ទាំង​កម្ពុជា និង​កូរ៉េ ក្នុង​ការជំរុញ​ការធ្វើ​ពា​ណិ ជ្ជ​កម្ម និង​វិនិយោគ ទៅវិញទៅមក កិច្ចព្រមព្រៀង​ទាំងនោះ ក៏​នឹង​ដើរតួនាទី សំខាន់​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​លោក​ប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​លោក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ផ្តល់​កិត្តិយស​អញ្ជើញ​ទស្សនកិច្ច និង​ពិភាក្សា​ការងារ​នៅ​ទីស្នាក់ការ​របស់​សមាគម​អ្នក​នាំចូល​កូរ៉េ នាទី​ក្រុង​សេ​អ៊ូ​ល​។​

​លោក​ប្រធាន​បាន​សម្តែង​សុទិដ្ឋិនិយម​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ នឹង​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច​និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​លោក​ប្រធាន​នឹង​ជំរុញ​សមាជិកសមាគម​អ្នក​នាំចូល​កូរ៉េ ឱ្យ​ពិនិត្យ​លទ្ធភាព​នាំចូល​ទំនិញ​កម្ពុជា​មក​ទីផ្សារ​កូរ៉េ និង​ស្វែងរក​ដៃគូ​នៅ​កម្ពុជា​បន្ថែមទៀត ជាពិសេស​ទាញយក​ប្រយោជន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​។​

​ក្នុង​កិច្ចប្រជុំ​នោះ វិស័យ​ឯកជន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ បាន​ណែនាំ​ពី​កម្ម វត្ថុ​អាជីវកម្ម​របស់ខ្លួន​និង​ចែករំលែក​ទៅវិញទៅមក នូវ​ព័ត៌មាន​ពាណិជ្ជកម្ម ប្រតិបត្តិការ​អាជីវក​ម្ម និង​វិស័យ​/​ទំនិញ​សក្កា​នុព​ល ដែលជា​ចំណាប់អារម្មណ៍ ដើម្បី​សហការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ ក៏ដូចជា​ការវិនិយោគ​ក្នុងពេល​ខាងមុខ​៕ដោយៈសិរីមតី