សេដ្ឋកិច្ច

យន្តហោះ​មកពី​ចិន​ចុះចត​នៅ​ខេត្ត​ព្រះសីហនុ​លើកដំបូង នាំ​ភ្ញៀវទេសចរ​ចិន​ជាង​១០០​នាក់​

ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​រដ្ឋាភិបាល​ចិន​អនុញ្ញាតឱ្យ​ប្រជាជន​ចេញ​ក្រៅប្រទេស​ឡើងវិញ អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ បានទទួល​ជើងហោះហើរ​លើកដំបូង​មកពី​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣​ដែលមាន ភ្ញៀវទេសចរ​ចំនួន​១០៤​នាក់ និង​ក្រុម​អ្នកបម្រើ​ការ​លើ​យន្តហោះ​៦​នាក់​ទៀត សរុប​១២០​នាក់​។​

​អ្នកដំណើរ​និង​ភ្ញៀវទេសចរ​ចិន​ទាំង​១០៤​នាក់ធ្វើដំណើរតាមយន្តហោះ​របស់​ក្រុមហ៊ុន Ruili Airline​ ដោយចេញដំណើរពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​គួ​ន​មីង ខេត្ត​យូ​ណាន ប្រទេស​ចិន និងបាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង នា​វេលា​ម៉ោង​៩៖៤៥​នាទី​។

​ក្នុង​ដំណើរ​ចុះចត​នៅ​ខេត្ត​ព្រះសីហនុ​លើកដំបូង​នេះដែរ ភ្ញៀវទេសចរ​ចិន និង​ក្រុម​អ្នកបម្រើ​ការ​លើ​យន្តហោះ ក៏​ទទួលបាន​ការស្វាគមន៍​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល តំណាង​អាជ្ញាធរខេត្ត​ព្រះសីហនុ​ជាដើម ដោយមាន​របាំ​ឆៃយ៉ាំ​សម្រាប់​ទទួល​បដិសណ្ឋារកិច្ច រួមជាមួយ​ការបំពាក់​ក្រមា​ខ្មែរ និង​ជូន​បាច់ផ្កា​ផងដែរ​។​

​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា នាឱកាស​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន នៅ​អាកាសយានដ្ឋាន​ព្រះសីហនុ​លើកដំបូង​នោះ កម្ពុជា​ក៏មាន​រៀបចំ​បដា​ស្វាគមន៍ និង​បាន​ផ្សព្វផ្សាយ​ពី​ការត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​មកពី​ចិន និង​មកពី​ជុំវិញ​ពិភពលោក​។​

ឯកឧត្តម​បាន​បន្តថា មិនមាន​វិធានការ​បង្ការ ឬ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​ចំពោះ​ភ្ញៀវទេសចរ​ចិន​ទាំង​នោះឡើយ ពោលគឺ​ពួកគេ​អាចធ្វើ​ដំណើរ​កម្សាន្ត​ដោយ​សេរី​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ឯកឧត្តម ហោ សារុន បាន​បន្តទៀតថា «​បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​នេះហើយ យើង​នឹង​រៀបចំ​ការទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ទេសចរ​មកពី​ប្រទេស​ចិន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខេត្តសៀមរាប​បន្តទៀត​»​។​

​គួរ​ជម្រាប​ថា ចាប់តាំងពី​ប្រទេស​ចិន​បាន​កែលម្អ​វិធានការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​ឡើងវិញ​នោះមក រដ្ឋា​ភិ​បាល​បានអនុញ្ញាត​ឱ្យ​ប្រជាជន​របស់ខ្លួន​អាចធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​បាន​ឡើងវិញ ចាប់ពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៣ កន្លងមក​៕​

ដោយៈផាវី