សន្ដិសុខសង្គម

បង្ក្រាបបទល្មើសនេសាទចាប់មនុស្ស៣នាក់ ប្រើឧបករណ៍ឆក់ត្រីខុសច្បាប់

ក្រចេះ ៖កម្លាំងជលផលមេគង្គនិងជលផលព្រែកប្រសព្វជាមួយនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចខេត្តក្រចេះ ចុះបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ឆក់ត្រីចាប់បានជនល្មើស៣នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទឆក់ត្រីនិងឃាត់ខ្លួនជនសង្ស័យ​ចំនួន៣នាក់​នៅដងព្រែកឆ្លូង ស្ថិតក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី២៧ ខែមករា។

លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលព្រែកប្រសព្វបានឱ្យដឹងថា ការចុះបង្ក្រាបបទល្មើស​នេសាទកម្លាំងចម្រុះបានដកហូតឧបករណ៍ឆក់ខុសច្បាប់មានអាគុយ១៣គ្រឿង-កន្រ្តងដងត្រីចំនួន៣-ទ្រុងដាក់ត្រី៦និងត្រកដាក់ត្រីចំនួន៥។

ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនឈ្មោះ ជៃ ឡី អាយុ៤២ឆ្នាំ នៅភូមិស្រែសាមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ឈ្មោះ យ៉េង ផល្លា អាយុ២៨ឆ្នាំ និងឈ្មោះបឿន ណាត់ អាយុ២៨ឆ្នាំ​ទាំង២នាក់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ពេលចុះបង្ក្រាបក្រុមអ្នកឆក់ត្រីមានគ្នីគ្នាជាច្រើននាក់ ប៉ុន្តែកម្លាំងសមត្ថកិច្ចចុះទៅដល់ពួកគេបោះ​ឧបករណ៍ឆក់ចោលរួចនាំគ្នារត់តែចាប់បាន៣នាក់។ក្រោយមកជនសង្ស័យនិងវត្ថុតាងនាំយកទៅ​ខណ្ឌរដ្ឋបាលជលផលក្រចេះដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ