សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ ករណីលួចរថយន្តទៅតុលាការ

ភ្នំពេញ​៖​កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ បានចាប់ជនសង្ស័យម្នាក់ករណីលួចរថយន្តនិងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា អំពើចោរកម្មលួចរថយន្តនោះនៅភូមិព្រៃព្រីងជើង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ​កាលពីម៉ោងជាង៣ទៀបភ្លឺ​ថ្ងៃទី២៧​ ខែមករា ​ហើយជនសង្ស័យព្យាយាម​បើកគេចតែត្រូវកម្លាំងសហការចាប់បាននៅភូមិពុទ្រា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនារសៀល​ថ្ងៃដដែល។

ជនសង្ស័យឈ្មោះ ឯម​ ហុងគ្រី​ អាយុ៣៦ឆ្នាំ ​អ្នករត់ម៉ូតូឌុប ​នៅសង្កាត់ព្រែកកំពិស។ចំណែកម្ចាស់រថយន្តឈ្មោះងិន​ ដាលីន​ ភេទស្រី អាយុ៣៧ឆ្នាំ ​នៅភូមិ សង្កាត់ខាងលើ។រថយន្តដែលចោរលួចម៉ាក morning ផ្លាកលេខភ្នំពេញ2AW 0385 ។

​មុនកើតហេតុ ជនរងគ្រោះបានទុករថយន្តនៅមុខផ្ទះ។លុះព្រឹកឡើងបាត់មិនឃើញ ទើបទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ដោយសារតែរថយន្តមានភ្ជាប់ប្រព័ន្ធ GPS ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃើញលោតនៅគោលដៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ក៏ទាក់ទងទៅស​មត្ថកិច្ចខេត្តដើម្បីឱ្យជួយស្ទាក់ចាប់។

បន្ទាប់ពីឃើញរថយន្តដែលចោរបានលួចកំពុងបើកបរនោះ កម្លាំងក៏ឃាត់ឱ្យឈប់ តែជនសង្ស័យនៅតែបន្តបើកគេចខ្លួនរហូតទៅដល់ភូមិពុទ្រា​ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ទើបប្រជាការពារនាំគ្នាយកគោយន្តបិទផ្លូវ ហើយចាប់បានតែម្តង៕ដោយ៖វិចិត្រ