សេដ្ឋកិច្ច

ឆ្នាំ​២០២៧​កម្ពុជា​ដាក់​គោលដៅ​បង្កើន​ការនាំចេញ​យានយន្ត​ឱ្យបាន​ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បានដាក់​គោលដៅ​បង្កើន​ទំហំ​នាំចេញ​ក្នុង​វិស័យ​យានយន្ត​ឱ្យបាន​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២៧ និង​បង្កើត​ការងារ​ថ្មី​ក្នុង​វិស័យនេះ​ឱ្យបាន ១​ម៉ឺន​កន្លែង​បន្ថែមទៀត​។​នេះ​បើ​យោងតាម​ផែនទី​បង្ហាញផ្លូវ ការអភិវឌ្ឍ​វិស័យ​យាន យន្ត និង​អេឡិចត្រូនិក​របស់ រាជរដ្ឋាភិបាល​។​

​យោងតាម​ផែនទី​បង្ហាញផ្លូវ បាន​បង្ហាញថា​វិស័យ​យានយន្ត​នៅ​កម្ពុ​ជាមាន​កំណើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ នេះ​។ ការនាំចេញ​ជា​មធ្យម​ប្រចាំឆ្នាំ របស់​វិស័យ​យានយន្ត​ក្នុងអំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩​មានការ​កើនឡើង​ទ្វេដង​ធៀប​នឹង​ការនាំ​ចេញពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ ដោយសារតែ​ទំហំ​ទុនវិនិយោគ ពី​បរទេស​មានការ​កើនឡើង​។​​ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ថ្មី លើ​វិស័យ​យានយន្ត​ជា​មធ្យម​ចំនួន ៤​គម្រោង​ក្នុង​មួយឆ្នាំ ដែលមាន​ទុនវិនិយោគ​ជា​មធ្យម​ចំនួន ២២​លាន​ដុល្លារ​អាមេរិក ខណៈ​នៅ​ចន្លោះ​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ មាន​ទុនវិនិយោគ​ជា​មធ្យម​ត្រឹមតែ ៤​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ កំណើន​នៃ​ការវិនិយោគ​នេះ បាន​ជំរុញ​ឱ្យកម្លាំង​ពលកម្ម ក្នុង​វិស័យ​យានយន្ត​កើន​ឡើងជា​មធ្យម ៥០០​នាក់​ក្នុង​មួយឆ្នាំ ដែល​មកទល់​បច្ចុប្បន្ន​នេះ​មាន​ចំនួន សរុប​ប្រមាណ​១​ម៉ឺន​នាក់​។​

​បច្ចុប្បន្ន​ជប៉ុន គឺជា​ប្រភព​ទុនវិនិយោគ​សំខាន់ ក្នុង​វិស័យ​យានយន្ត​នៅ​កម្ពុជា ខណៈដែល​ទីផ្សារ​នាំចេញ​សំខាន់ៗ រួមមាន​ប្រទេស​ថៃ និង​ប្រទេស​ជប៉ុន​។​

​តាមរយៈ​ផែនទី​បង្ហាញផ្លូវ​នេះ​បានឱ្យដឹង​ផងដែរ​ថា សម្រាប់​វិស័យ​យានយន្ត ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ កម្ពុជា​នឹង​ផ្តោត​សំខាន់​លើ​កាលានុវត្តភាព ដែលមាន​ស្រាប់ ដើម្បី​ពង្រីក​ការផលិត​គ្រឿង​បង្គុំ​យានយន្ត​សាមញ្ញ បែប​អតិពលកម្ម សម្រាប់​នាំចេញ។ ឧទាហរណ៍​ដូចជា ខ្សែ​បង្គុំ​អគ្គិសនី កៅអី និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​អគ្គិសនី​សាមញ្ញ ព្រមជាមួយ​ការបង្កើន​ការតភ្ជាប់​បែប​ប្រតិគ​មន៍ សម្រាប់​ការដំឡើង​ទោចក្រយានយន្ត​។ ចំពោះ​គោលដៅ​មធ្យម កម្ពុជា​នឹង​ផ្តោតលើ​ការឈាន​ឡើង ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ទៅកាន់​ការផលិត​គ្រឿង​បង្គុំ​យានយន្ត ដែលមាន​ភាពស្មុគស្មាញ ព្រមទាំង​ការ​រចនា និង​ការដំឡើង​គ្រឿង​បង្គុំ​អេឡិចត្រូនិក ដែលមាន​តម្លៃបន្ថែម​ខ្ពស់​។ ក្នុង​រយៈពេល​វែង កម្ពុជា​មានបំណង​ប្រែក្លាយជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ សកម្មភាព​ផលិត​គ្រឿង​បង្គុំ​យានយន្ត ពី​កម្រិត​ទាប​ដល់​កម្រិត​មធ្យម សម្រាប់​នាំចេញ​។​

​ជាមួយគ្នានេះ កម្ពុជា​ក៏មាន​បំណង​ទាក់ទាញ ក្រុមហ៊ុន​ផលិត​គ្រឿង​បង្គុំ​យានយន្ត​ឈានមុខ​គេ​លើ​ពិភពលោក ក្នុង​ចំនួន​ច្រើនជាង​មុន ហើយ​អាច​នឹង​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី ដែលមាន​ភាព​ពេញលក្ខណៈ​ជាង​មុន សម្រាប់​គាំទ្រ​ក្រុមហ៊ុន​ផលិត​ទាំងនោះ ដោយ​រួមបញ្ចូល​អ្នកផ្គត់ផ្គង់​ក្នុងស្រុក ពី​កម្រិត​ទាប​ទៅ​មធ្យម​។

​កម្ពុជា​អាច​ប្រើប្រាស់​ជា​អតិបរមា នូវ​ឧត្តមភាព​ប្រកួតប្រជែង​នាពេល​បច្ចុប្បន្ន ដូចជា​កម្លាំង​ពលកម្ម​ដែល​ប៉ិនប្រសប់ និង​មាន​ប្រាក់​ឈ្នួល​ប្រកួតប្រជែង ទីតាំង​យុទ្ធសាស្ត្រ​នៅ​ជិត​ប្រទេស​ថៃ និង​វៀតណាម ដែលជា​មជ្ឈមណ្ឌល​ផលិត និង​ដំឡើង​យានយន្ត និង​បរិក្ខា​អេឡិច​ត្រូនិក កំពុងមាន​ការអភិវឌ្ឍ​ឆាប់រហ័ស និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែលមាន​លក្ខណៈ និង​អំណោយផល​ជាមួយ​ទីផ្សារ​នាំចេញ​យានយន្ត ។​

​ឯកសារ​ផែនទី​បង្ហាញផ្លូវ​នេះ​បន្ថែមថា​ប្រទេស​កម្ពុ​ជាមាន​ទីតាំង​ស្ថិត នៅត្រង់ចំណុច​កណ្តាល​នៃ​តំបន់​អាស៊ាន និង​មាន​ភាព​ប្រទាក់​ក្រឡា​យ៉ាង​ស៊ីជម្រៅ ទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ តាមរយៈ​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង នៃ​មហា​អនុតំបន់​មេគង្គ​។ ជាពិសេស​កម្ពុជា​ស្ថិតនៅ​ជិត​មជ្ឈមណ្ឌល​ប្រមូលផ្តុំ សកម្មភាព​ផលិត​យានយន្ត​មាន​ចំងាយ​តិចជាង ៤០០​គីឡូម៉ែត្រ ពី​មជ្ឈមណ្ឌល​ផ្តុំ​សកម្មភាព​ផលិត​យានយន្ត នៅ​ខេត្ត​រ៉ា​យ៉ង ប្រទេស​ថៃ និង​ចម្ងាយ​តិចជាង ១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ ការណ៍​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ដ៏​ល្អ​បំផុត សម្រាប់​រៀង​ចក្រ​ផលិតកម្ម ដែល​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផ្គុំ​ដំឡើង យានយន្ត​នៅ​ប្រទេស​ថៃ និង​វៀតណាម​»​។​

​សូមជម្រាបថា ក្រុមហ៊ុន​ដំឡើងរថយន្ត​មួយចំនួន​៧ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​រួមមាន ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្ត​ម៉ាក Ssangyong, Daehan, Sino ជាដើម​, ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្ត​ម៉ាក SINOTRUK និង​ម៉ាក​ផ្សេងៗ​, ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្ត​ម៉ាក Hyundai, ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្ត​ម៉ាក KIA , ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU) ខណៈ​ក្រុមហ៊ុន Toyota កំពុង​ដំណើការ​បើក​រោងចក្រ​ដំឡើងរថយន្ត នៅ​កម្ពុជា​ផងដែរ​៕​ដោយៈសិរីមតី