សេដ្ឋកិច្ច

កម្ពុជា ស្នើ​គយ​កូរ៉េ ចុះ​អនុស្សារណៈ​ជាមួយ​គយ​កម្ពុជា ដើម្បី​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​

​ភ្នំពេញ​៖​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​អាជ្ញាធរ​គយ​របស់​កូរ៉េខាងត្បូង ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​គយ​របស់​កម្ពុ​ជា ដើម្បី​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​សំណើ​បាន​ធ្វើឡើង ក្នុងពេល​លោក ប៉ាន សូរ​ស័ក្តិ ជួបពិភាក្សា​ការងារ​ជា មួយ​លោក យូ​ន YOON Taesik អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​អាជ្ញាធរ​គយ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០២៣ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​។​

​ក្នុងជំនួប​នោះ លោក ប៉ាន សូរ​ស័ក្តិ អាជ្ញាធរ​គយ​កម្ពុជា និង​អាជ្ញាធរ​កូរ៉េ ដែល​បាន​ជួយ​សម្រួល​កម្ម​ភាព​នាំចេញ -​នាំចូល​រវាង​ប្រទេស​ទាំងពីរ​។ បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់ អំពី​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដែល​ទើបនឹង ចូល​ជា​ធរមាន​កាលពី​ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ ដែល​នឹង​ចូលរួមចំណែក សំខាន់​ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ និង​សហ​ប្រតិបត្តិការ​សេដ្ឋ កិច្ច​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​គយ​កូរ៉េ ពិនិត្យ​លទ្ធភាព​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុងពេល​ឆាប់ៗ​ខាងមុខ សំដៅ​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ផ្តល់​កិច្ចសម្រប​សម្រួល​បន្ថែម​ទៀត ក្រោយពី​ការពន្យារពេល​មួយរយៈ​ដោយសារ​វិបត្តិ​ជម្ងឺ​កូ​វីដ​-១៩​។​

​បន្ថែម​ពីលើ​នេះ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក៏បាន​ស្នើ​អាជ្ញាធរ​គយ​កូរ៉េ បន្ត​ជួយ​គាំទ្រ​កម្ពុជា​តាមរយៈ កម្មវិធី​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​សម្រាប់​មន្ត្រី​កម្ពុជា​ផងដែរ​។​

​លោក YOON Taesik ប្រធាន​អាជ្ញាធរ​គយ​កូរ៉េ បាន​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី ដែល​បាន​ចំណាយ​ពេលវេលា ពី​កម្មវិធី​ការងារ​ដ៏​មមាញឹក​ចូលរួម​ក្នុង​កម្មវិធី​នេះ និង​បានអនុញ្ញាត​លោក​បាន​ចូលជួប​ពិភាក្សា​ការងារ​។​

ប្រធាន​អាជ្ញាធរ​គយ​កូរ៉េ​រូបនេះ ក៏បាន​ស្វាគមន៍ និង​គាំទ្រ​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​អាជ្ញាធរ​គយ​នៃ​ប្រទេស​ទាំងពីរ​។ លោក​បាន​បញ្ជាក់ថា នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចការ​គយ​រវាង​ប្រទេស​ទាំងពីរ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ចូលរួមចំណែក​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​

​លើសពីនេះ​ទៀត លោក​ប្រធាន​អាជ្ញាធរ​គយ​កូរ៉េ ក៏បាន​គាំទ្រ​លើ​សំណើ​របស់លោក​រដ្ឋមន្ត្រី ហើយនឹង​បន្ត​ការចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ការកសាង​សមត្ថភាព​ជូន​មន្ត្រី​ពាក់ព័ន្ធ​របស់​កម្ពុជា​ផងដែរ​៕​ដោយៈសិរីមតី