សហរដ្ឋអាម៉េរិកសារភាពថា តាមពិតទៅខ្លួនមិនមានរថក្រោះគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អ៊ុយក្រែននោះទេ ខណៈអ៊ុយក្រែនត្រូវរង់ចាំជាច្រើនខែរហូតរថក្រោះ M1 Abrams ៣១ គ្រឿងត្រូវបានផលិតថ្មីរួច។
នេះដោយយោងតាមអ្នកនាំពាក្យស្ត្រីសេតវិមាន Sabrina Singh កាលពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែមករា ឆ្នាំ២០២៣។ Singh បាននិយាយថា “យើងមិនមានរថក្រោះទាំងនេះសល់ទុកគ្រប់គ្រាន់នៅក្នុងស្តុកសហរដ្ឋអាម៉េរិករបស់យើងទេ នោះហើយជាមូលហេតុដែលវានឹងចំណាយពេលជាច្រើនខែដើម្បីផ្ទេររថក្រោះ M1A2 Abrams ទាំងនេះទៅកាន់ប្រទេសអ៊ុយក្រែន” ។ មន្ត្រីសេតវិមានផ្សេងទៀត ក៏បានព្រមានកាលពីថ្ងៃពុធថា ការបញ្ជូនរថក្រោះអាចចំណាយពេលយូរ អាចដល់ទៅមួយឆ្នាំផងក៏ថាបាន ដោយសារតែរថក្រោះនឹងត្រូវបានទិញចេញពីរោងចក្រថ្មី ផលិតថ្មី ជាមួយនឹងមូលនិធិដែលត្រូវបានអនុម័តដោយសភា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន។ ជាងនេះទៅទៀត កាលពីថ្ងៃទី ១៩ ខែមករា Singh បាននិយាយថា “ការផ្តល់ជូនរថក្រោះប្រភេទនេះ គឺមិនសូវជាស័ក្តិសមទេសម្រាប់ប្រជាជនអ៊ុយក្រែននៅពេលនេះ”។ អ្នកនាំពាក្យរូបនេះបានចង្អុលបង្ហាញនៅពេលនោះចំពោះបញ្ហាប្រឈមផ្នែកភស្តុភាររបស់រថក្រោះ Abrams ពាក់ព័ន្ធនឹងម៉ាស៊ីនតួរប៊ីនឧស្ម័នរបស់វាត្រូវការប្រេងយន្តហោះ មិនមែនដូចម៉ាស៊ីនម៉ាស៊ូតរបស់រថក្រោះខ្លារខិន Leopard ឬ Challenger អង់គ្លេសនោះទេ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យថាសហរដ្ឋអាម៉េរិកនឹងព្យាយាមពន្លឿនការផលិតតាមដែលធ្វើទៅបាន ហើយការបណ្តុះបណ្តាលទាហានអ៊ុយក្រែនលើរថក្រោះនេះ ច្បាស់ជាត្រូវបានធានាក្នុងរយៈពេលខ្លី៕
ប្រភព៖ New York Post
ប្រភពរូប៖New York Post
ប្រែសម្រួល៖សុខ តុលា