សន្ដិសុខសង្គម

រកឃើញអ្នកបើកបរ៥នាក់មានសារធាតុញៀនចំណោមជាង៨០០នាក់

បាត់ដំបង៖សមត្ថកិច្ចចុះស្រាវជ្រាវឆែកឆេរនៅតំបន់ព្រំដែន រកឃើញអ្នកបើកបរចំនួន៥នាក់​មានសារធាតុញៀនក្នុងចំណោមមនុស្សជាង៨០០នាក់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កម្លាំងចម្រុះខេត្តបាត់ដំបងបានសហការ​ត្រួតពិនិត្យចល័តបង្ការទប់ស្កាត់បង្រ្កាបបទល្មើសគ្រឿងញៀនខុសច្បាប់ដោយបានអនុវត្តនៅក្បែរតំបន់ព្រំដែនចំនួន២គោលដៅក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

ជាលទ្ធផលនៃយុទ្ធនាការពិនិត្យឆែកឆេរលើគោលដៅទាំង២សរុបលើរថយន្តចំនួន៣៧០គ្រឿង មនុស្សចំនួន៨៣០នាក់ស្រី៤១០នាក់ដោយមានម៉ូតូសរុបចំនួន១៥៨គ្រឿងមនុស្សចំនួន២៣០នាក់​ ស្រី១៤០នាក់។ប្រតិបត្តិការខាងលើកម្លាំងនគរបាលបា​នរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃ​គ្រឿងញៀនចំនួន៥នាក់។ក្នុងនោះមានជនជាតិថៃភេទប្រុសម្នាក់។តាមមាត្រា៦៣ នៃច្បាប់ស្តីពីការ​ត្រួតពិនិត្យគ្រឿង​ញៀន សមត្ថកិច្ចបានកសាងសំណុំរឿងនិងអនុវត្តតាមនីតិវិធី៕ដោយ: ព្រះអង្គខ្មៅ