សន្ដិសុខសង្គម

កំពុងតាមចាប់ក្រុមចោរប្លន់កាបូបលុយពីស្ត្រីម្នាក់អស់ជាង២លានរៀល

សឹ្ទងត្រែង៖កម្លាំងនគរបាលកំពុងតាមចាប់ក្រុមចោរដែលបានប្លន់យកកាបូបលុយពីស្ត្រីម្នាក់អស់ចំនួន២លាន៥០ម៉ឺនរៀលទាំងកណ្តាលថ្ងៃ។ករណីនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៧ ក្នុងភូមិគីឡូម៉ែត្រ​លេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៦ខែមករា។

ស្រ្តីម្ចាស់កាបូបឈ្មោះ លឹម សុភា រស់នៅម្តុំព្រៃចាស់ភូមិ សង្កាត់ខាងលើ បានឱ្យដឹងថា រូបគាត់បានជិះម៉ូតូឌុបកូន២នាក់ដើរលក់ខោអាវតាមភូមិកោះខនឌិន។

មកដល់ពាក់កណ្តាលផ្លូវ ត្រង់គីឡូម៉ែត្រលេខ១៤ ភូមិខាងលើ ស្រាប់តែចោរមួយក្រុមជិះម៉ូតូ​តាមពីក្រោយ​បិទម៉ាស់មានគ្នា៣នាក់មកឆក់កាបូបបណ្តាលឱ្យគាត់ដួលទាំងម៉ែនិងកូន ហើយយកកាបូបដែលមានលុយចំនួន២លាន៥០ម៉ឺនរៀល។ពេលយកកាបូបលុយរួចហើយពួកវាប្រុងយកម៉ូតូទៀត តែមានរថយន្តនិងម៉ូតូប្រជាពលរដ្ឋ​មកដល់ក្រុមចោរប្លន់ទាំងនោះឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់។

លោកអ៊ុង សុភ័ក្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គីបានឱ្យដឹងថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ត្រូវកម្លាំងមូលដ្ឋានបានចុះស្រាវជ្រាវភ្លាម។រហូតមកដល់ពេលនេះសមត្ថកិច្ចរកមិនទាន់ឃើញមុខសញ្ញាក្រុមចោរនោះនៅឡើយទេ៕ដោយ:សុខុម