អន្តរជាតិ

កាណាដានឹងផ្តល់រថក្រោះ Leopard 2 ចំនួន ៤ គ្រឿងដល់អ៊ុយក្រែន

ប្រទេសកាណាដានឹងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងរថក្រោះខ្លារខិន Leopard 2 ចំនួន ៤ គ្រឿង បន្ទាប់ពីមានការបើកភ្លើងខៀវពីអាល្លឺម៉ង់។

តាមការជូនដំណឹងដោយប្រមុខរដ្ឋមន្រ្តីការពារជាតិកាណាដា លោកស្រី Anita Anand កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ រថក្រោះ Leopard 2 នឹងត្រូវបានអនុញ្ញាតផ្តល់ជូនអ៊ុយក្រែនចំនួន ៤គ្រឿងពិតប្រាកដ ដើម្បីជាការចូលរួមជាមួយសម្ព័ន្ធមិត្តជួយរំដោះទឹកដីអ៊ុយក្រែនបន្ថែមទៀត និងការពារប្រជាជនពីការឈ្លានពានដ៏ឃោរឃៅរុស្ស៊ី។ លោកស្រីនិយាយថា “រថក្រោះទាំងនេះគឺត្រៀមខ្លួនជាស្រេចដើម្បីចូលទៅប្រយុទ្ធនៅអ៊ុយក្រែន ហើយនឹងត្រូវបានផ្តល់ជូននៅសប្តាហ៍ខាងមុខនេះ”។ ចំណែកការចាត់ចែងលើការបណ្តុះបណ្តាលទាហានអ៊ុយក្រែនឲ្យចេះប្រើ គឺមិនចាំបាច់បារម្ភទេ ព្រោះកងកម្លាំងប្រដាប់អាវុធកាណាដានឹងធ្វើជាអ្នកទទួលខុសត្រូវ។

ទន្ទឹមនឹងផ្តល់ជូន៤គ្រឿងនេះ កាណាដាបានឆ្លៀតប្រាប់ថា ពួកគេមានរថក្រោះខ្លារខិននេះទាំងអស់គឺ ៨២គ្រឿងឯណោះដែលស្ថិតក្នុងសេវាកម្ម។ ចាប់តាំងពីមានការបើកភ្លើងខៀវយល់ព្រមពីអាល្លឺម៉ង់​កាលពីថ្ងៃពុធមក សម្ព័ន្ធមិត្តលោកខាងលិចជាច្រើនបានសម្រុករួមគ្នាជាបន្តបន្ទាប់ផ្តល់ជូននូវគ្រឿង​ប្រយុទ្ធសាហាវៗដល់អ៊ុយក្រែនដោយគ្មានអល់អែក ហើយកាណាដា គឺជាប្រទេសដំបូងបន្ទាប់ពី​អាល្លឺម៉ង់សម្រាប់រថក្រោះខ្លារខិន៕

ប្រភព៖ Ukrianska Pravda

ប្រភពរូប៖Ukrianska Pravda
ប្រែសម្រួល៖សុខ តុលា