អន្តរជាតិ

អ៊ុយក្រែនថា រុស្ស៊ីកំពុងរៀបចំប្រតិបត្តិការចុះត្រួតពិនិត្យភាពស្មោះទ្រង់ទ្រាយធំនៅតំបន់កាន់កាប់

អ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងរៀបចំប្រតិបត្តិការចុះត្រួតពិនិត្យភាពស្មោះត្រង់ទ្រង់ទ្រាយធំ​នៅតាមតំបន់កាន់កាប់ ស្វែងរកចារកម្មបរទេស។

នេះដោយយោងតាម មជ្ឈមណ្ឌលតស៊ូជាតិអ៊ុយក្រែន (NRC)។ NRC និយាយថា រុស្ស៊ីកំពុងរៀបចំសម្រាប់ការត្រួតពិនិត្យទ្រង់ទ្រាយធំថ្មីនៃ “ភាពស្មោះត្រង់” ចំពោះអ្នកស្រុកនៅក្នុងទឹកដីកាន់កាប់នៃតំបន់ Zaporizhzhia និង Kherson។ ព័ត៌មានលំអិត៖ NRC បានកត់សម្គាល់ឃើញថា ការចុះត្រួតពិនិត្យនឹងធ្វើឡើងទៅលើទូរសព្ទដៃជាច្រើនរបស់ប្រជាជន ចូលឆែកមើលទាំងកម្មវិធីអ៊ុយក្រែនផងដែរ ពិសេសទៅលើកម្មវិធីធនាគារ និងការអប់រំតាមអ៊ីនធឺណិតជាដើម។

លើសពីនេះ ជនជាតិរុស្ស៊ី ក៏កំពុងបង្កើនចំនួនប៉ុស្តិ៍ត្រួតពិនិត្យនៅតាមកន្លែងតាំងទីលំនៅ​នៅភាគខាងត្បូងអ៊ុយក្រែនដែរ។ នៅតាមប៉ុស្តិ៍ត្រួតពិនិត្យទាំងនោះ អ្នកស្រុកត្រូវបានរុស្ស៊ីសួរថា​តើពួកគេធ្លាប់មានកំណត់ត្រាធ្វើជាយោធាពីមុនមកឬអត់ មានយានយន្តផ្ទាល់ខ្លួនឬអត់ និងបានសុំតំណភ្ជាប់គណនីឯកជននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងការផ្ទៀងផ្ទាត់បន្ថែម។ ក្នុងករណីរកឃើញថាជាចារកម្មលាក់ខ្លួន កម្លាំងរុស្ស៊ីនឹងចាប់ខ្លួនផ្តល់ចំណាត់ការតាមច្បាប់​សហព័ន្ធរុស្ស៊ី៕

ប្រភព៖ Ukrianska Pravda

ប្រភពរូប៖ Ukrianska Pravda
ប្រែសម្រួល៖សុខ តុលា