អន្តរជាតិ

អ៊ុយក្រែនថារុស្ស៊ីចាប់ផ្តើមរឹតត្បិតការនាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ

អាជ្ញាធរអ៊ុយក្រែនបានរាយការណ៍មកថា នៅប៉ុន្មានថ្ងៃចុងក្រោយនៃខែមករានេះ រុស្ស៊ីបានចាប់ផ្តើម​រឹតត្បិតការនាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ ដោយនាវាដែលចេញពីកំពង់ផែអ៊ុយក្រែនរាល់ដង​បានធ្លាក់ចុះដល់កម្រិតទាប។

ក្រសួងគោលនយោបាយកសិកម្មអ៊ុយក្រែនបានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា “ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គិតត្រឹមចុងខែមករា ស្ថានភាពកាន់តែយ៉ាប់យ៉ឺន ហើយចំនួននាវាប្រចាំថ្ងៃដែលចាកចេញពីកំពង់ផែបានធ្លាក់ចុះមកត្រឹម ២ទៅ៣គ្រឿងប៉ុណ្ណោះ ដែលនេះគឺជាតួលេខដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ ចាប់តាំងពីមានគំនិតផ្តួចផ្តើមអន្តរជាតិ”។ ការដឹកជញ្ជូនធញ្ញជាតិជាមធ្យមក្នុងមួយកប៉ាល់ គឺស្ថិតក្នុងកម្រិត ៣៧.០០០ តោនក្នុងដើមខែមករា ដែលជាសូចនាករដ៏ល្អបំផុតមួយធៀបនឹងច្រករបៀងសព្វដង។ តែអ្វីដែលចោទជាបញ្ហានោះគឺថា ការនាំចេញសរុបហៀបនឹងបិទបញ្ជីខែមករានេះ ស្រាប់តែធ្លាក់ចុះខ្លាំងនៅត្រឹម ២,៤ លានតោនទៅវិញ ពោលគឺធ្លាក់ចុះ បើធៀបនឹងការនាំចេញខែកញ្ញា និងខែតុលាដែលមានរហូតដល់៤លានតោន។

ការនាំចេញធញ្ញជាតិអ៊ុយក្រែនសរុបចាប់តាំងពីមានគំនិតផ្តួចផ្តើមដឹងឮពីអង្គការសហប្រជាជាតិ អ៊ុយក្រែនបានបញ្ជូននាវាសរុបចំនួន ៦៧៥ គ្រឿង ជាមួយនឹងទំនិញចំនួន ១៨,៤ លានតោន។ក្នុងនោះអាហ្រ្វិកមាន ២,៣ លានតោន អាស៊ីមាន ៥,១ លានតោន អឺរ៉ុបមាន ៧,៥ លានតោន និងមជ្ឈិមបូព៌ាមាន ៣,៤ លានតោន។ ការរឹតត្បិតតាមសមុទ្រខ្មៅចុងក្រោយនេះ បង្ហាញថាអធិការរុស្ស៊ី​មានបំណងក្បត់កិច្ចព្រមព្រៀង។ មិនទាន់មានការឆ្លើយតបពីរុស្ស៊ីលើដំណឹងនេះទេ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា