អន្តរជាតិ

រកឃើញសាកសពម៉ាំមីចាស់ជាងគេជាង៤ពាន់ឆ្នាំក្នុងប្រទេសអេហ្ស៊ីបសប្តាហ៍នេះ

ដោយ៖សហការី

ក្រសួងកាមេនៃក្រុមជីកកកាយអេហ្ស៊ីប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ថា ក្រុមអ្នកស្រាវជ្រាវអេហ្ស៊ីបបានរកឃើញផ្នូររបស់ Pharaonic នៅជិតរដ្ឋធានី Cairo ដែលមានសាកសពម៉ាំមីចំណាស់ជាងគេ មិនទាន់ត្រូវបានរកឃើញពីមុនមកនៅក្នុងប្រទេស។

លោក Zahi Hawass នាយកក្រុមបានប្រាប់អ្នកយកព័ត៌មានថា សាកសពម៉ាំមីនេះមានអាយុ ៤៣០០ ឆ្នាំ ត្រូវបានគេរកឃើញនៅបាតដីក្នុងផ្នូរជម្រៅ ១៥ ម៉ែត្រ ជាផ្នូររាជវង្សទី ៥ និងទី ៦ នៅជិតជើងប្រាសាទពីរ៉ាមីត នៅ Saqqara។ សាកសព​ម៉ាំមីនេះជាបុរស មានឈ្មោះថា ហេកាសេប៉េស(Hekashepes) ស្ថិត​ក្នុង​ប្រហោង​ថ្មកំបោរ​ដែល​ត្រូវ​បាន​បិទ​ជិត​លាយបាយអ។

លោក Hawass បានបន្តថា “សាកសពម៉ាំមីនេះអាចជាម៉ាំមីចំណាស់ជាងគេ និងពេញលេញបំផុតដែលមិនធ្លាប់បានជួបប្រទះពីមុនមកនៅក្នុងប្រទេសអេហ្ស៊ីបរហូតមកដល់បច្ចុប្បន្ន”។ ក្នុងចំណោមផ្នូរផ្សេងទៀត ត្រូវបានរកឃើញមានរួមជាមួយជាកម្មសិទ្ធិរបស់ Khnumdjedef ដែលជាអធិការនៃមន្ត្រី អ្នកគ្រប់គ្រងពួកអភិជន និងជាបូជាចារ្យក្នុងរជ្ជកាលរបស់ Unas (ស្តេចផារ៉ោនចុងក្រោយនៃរាជវង្សទីប្រាំ)។ វាត្រូវបានតុបតែងជាមួយនឹងឈុតឆាកនៃជីវិតប្រចាំថ្ងៃ។ ផ្នូរមួយទៀតជាកម្មសិទ្ធិរបស់ Meri “អ្នករក្សាអាថ៌កំបាំង និងជាជំនួយការរបស់មេដឹកនាំ​ដ៏អស្ចារ្យនៃវាំង”។ សេចក្តីថ្លែងការណ៍បាននិយាយថា រូបសំណាកជាច្រើនត្រូវបានគេរកឃើញ​ក្នុងចំណោមផ្នូរនោះ រួមទាំងរូបសំណាកមួយតំណាងឱ្យបុរសម្នាក់ និងប្រពន្ធរបស់គាត់ និងអ្នកបម្រើមួយចំនួនទៀត៕

ប្រភព៖ REUTERS