សន្ដិសុខសង្គម

តុលាការដាក់គុកក្រុមអ្នកលេងកាំបិតផ្គាក់៥នាក់ករណីដេញកាប់គេ

កណ្តាល៖តុលាការខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២៦ ខែមករា បានឃុំខ្លួនក្រុមអ្នកលេង​កាំបិតផ្គាក់៥នាក់ ពីបទប៉ុនប៉ងឃាតកម្មនិងប្រើអាវុធខុសច្បាប់ដាក់ពន្ធនាគារបណ្តោះអាសន្ន។

លោកវរសេនីយ៍ឯក ម៉ែន សុខឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថា ជនជាប់ចោទទាំង៥នាក់ឃាត់ខ្លួននៅក្នុងភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។ពួកគេឈ្មោះវ៉ុន ម៉េងហួត អាយុ១៤ឆ្នាំ-ឈ្មោះង៉ូកសុខណា អាយុ១៨ឆ្នាំ-ឈ្មោះឡាត់លីអូ អាយុ១៨ឆ្នាំ ឈ្មោះស្រ៊ីសុខជា អាយុ១៨ឆ្នាំ និងឈ្មោះស្រេង ប៊ុនហេង អាយុ១៧ឆ្នាំ។ទាំង៥នាក់នេះនៅឃុំពុកឬស្សី-ឃុំវិហារសួគ៌-ឃុំសន្លុង-ឃុំកោះចូរ៉ាម និងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ចំណែកឯជនរងគ្រោះឈ្មោះរ៉ុណ ដារ៉ូ អាយុ១៩ឆ្នាំ ជាបុគ្គលិកដឹកជញ្ជូនអីវ៉ាន់ នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល។

មុនកើតហេតុជនរងគ្រោះជិះម៉ូតូទៅឌុបសង្សានៅម្តុំរង្វង់មូលព្រែកតាមាក់ ស្រាប់តែក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿងកាន់កាំបិតផ្គាក់និងចម្ពាមដេញកាប់និងបាញ់។ឃើញដូច្នោះជនរងគ្រោះក៏ជិះម៉ូតូគេចទៅបុកខឿនដួលម៉ូតូខូចខាតយ៉ាងដំណំ។ក្រុមជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃុំព្រះប្រសប់ឃាត់ខ្លួន។ពួកគេបានសារភាពថា ពិតជាបានដេញកាប់ជនរងគ្រោះប្រាកដមែន៕ដោយ៖វិចិត្រ