អន្តរជាតិ

ក្រសួងការពារជាតិអ៊ុយក្រែន៖ កាំភ្លើងធំអមជាមួយ រថក្រោះនឹងមានភាពស៊ីចង្វាក់គ្នាក្នុងសមរភូមិ

ក្រសួងការពារជាតិអ៊ុយក្រែននិយាយថា នៅពេលរថក្រោះលោកខាងលិចមកដល់  វានឹងចូលរួម​ខ្សែចង្វាក់​ជាមួយកាំភ្លើងធំអ៊ុយក្រែន បង្ហាញភាពខ្លាំងដ៏មហិមាក្នុងសមរភូមិផ្តួលរុស្ស៊ី។

នេះគឺជាសម្ដីដែលនិយាយដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ផ្ទាល់ កាលពីថ្ងៃទី ២៦ ខែមករា ក្នុងអំឡុងពេលដាក់បង្ហាញប្រព័ន្ធកាំភ្លើងធំ Bohdana។ សម្រង់ដោយកាសែតអ៊ុយក្រែន Reznikov បានមានប្រសាសន៍ថា ក្រសួងបានទិញសព្វាវុធ និងឧបករណ៍យោធាពីក្រុមហ៊ុនផលិតក្នុងស្រុកជាប់មករហូត និងបានដាក់ពង្រាយនៅគ្រប់​ទីតាំងយុទ្ធសាស្រ្ត ដូច្នេះរថក្រោះលោកខាងលិចដែលនឹងមកដល់ និងត្រូវបានដាក់ឲ្យចូលរួម​តាមខ្សែទំនាក់ទំនងជាមួយគ្នា បូកជាមួយនឹងយន្តហោះគ្មានមនុស្សបើកទៀត  គឺមានសមត្ថភាពខ្លាំង ពិបាករកគូប្រៀប។

ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានរៀបចំការផ្លាស់ប្តូរថ្មីមួយដើម្បីធ្វើយ៉ាងណាឲ្យចំនួន​ទឹកប្រាក់នៃមូលនិធិទាំងអស់ ត្រូវបានបញ្ជូនផ្ទាល់ទៅក្រុមហ៊ុនផលិតអាវុធអ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៣នេះ ដើម្បីអាចជំរុញការផលិតនៃសមាសធាតុទាំងអស់ រាប់ចាប់ពីឯកសណ្ឋាន ស្បែកជើង ពាសដែក យន្តហោះគ្មានមនុស្សបើក UAVs រហូតដល់អាវុធធុនធ្ងន់ និងគ្រាប់រំសេវ។ សូមរំលឹកម្តងទៀតថា ការបញ្ជូនរថក្រោះធុនធ្ងន់ខ្លារខិនបញ្ជូនដោយអាល្លឺម៉ង់ នឹងត្រូវធ្វើឡើងមិនយូរទេ ពោលគឺនៅសប្តាហ៍ខាងមុខនេះ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា