រុស្ស៊ីនិយាយថា អាល្លឺម៉ង់កំពុងឈានជើងចូលចង់មានជម្លោះជាមួយខ្លួនហើយ ខណៈអាល្លឺម៉ង់បានយល់ព្រមផ្តល់រថក្រោះខ្លារខិនជាង១០គ្រឿងទៅអ៊ុយក្រែន។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធទី ២៥ ខែមករាថា ការសម្រេចចិត្តបញ្ជូនរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ចំនួន ១៤ គ្រឿងទៅកាន់ទីក្រុង Kyiv នឹងអនុញ្ញាតឱ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិចធ្វើការនាំចេញម៉ូដែលដូចគ្នានេះបន្ថែមទៀតខណៈវានឹងធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនកាន់តែអាក្រក់ទៅក្នុងកម្រិតថ្មីមួយ ហើយនាំទៅរក “ការកើនឡើងសង្រ្គាមជាអចិន្ត្រៃយ៍” ។ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Sergei Nechayev បាននិយាយថា “ការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុតនេះ នាំឱ្យជម្លោះឈានដល់កម្រិតថ្មីនៃការប្រឈមមុខគ្នា ហើយផ្ទុយនឹងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយអាល្លឺម៉ង់អំពីឆន្ទៈរបស់សហព័ន្ធអាល្លឺម៉ង់ក្នុងការទាញខ្លួនចូលទៅក្នុងជម្លោះ”។ “វាបំផ្លាញសំណល់នៃការជឿទុកចិត្តគ្នាទៅវិញទៅមក បណ្តាលឱ្យមានការខូចខាតដែលមិនអាចជួសជុលបានចំពោះស្ថានភាពដ៏គួរឱ្យសោកសៅនៃទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់បច្ចុប្បន្ន និងអនាគត”។
មន្រ្តីទូតរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា រថក្រោះនេះនឹងត្រូវបញ្ជូនទៅកាន់សមរភូមិជួរមុខភាគខាងកើត យកទៅសម្លាប់ទាហានរុស្ស៊ីជាច្រើននាក់ រួមទាំងជនស៊ីវិលផងដែរ។
សូមបញ្ជាក់ឲ្យដឹងថា សេចក្តីប្រកាសដោយអាល្លឺម៉ង់សម្រាប់រថក្រោះខ្លារខិនទាំង១៤គ្រឿងនោះ បានធ្វើឡើងនៅថ្ងៃពុធទី ២៥ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើត៤៥ឆ្នាំរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymr Zelenskiy៕
ប្រភព៖ ALJAZEERA
ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា