ភ្នំពេញ៖នាឱកាស វេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ គ្រោងនឹងមាន ៦,៦% ប៉ុន្ដែតាមការវាយតម្លៃចុងក្រោយ គឺមានកំណើនត្រឹមតែ ៥,៦% ប៉ុណ្ណោះ ជាតួលេខថ្មីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុម័តឲ្យប្រើប្រាស់ និងជាតួលេខប្រាកដនិយមជាងគេ ព្រមទាំងជាតួលេខប្រហាក់ប្រហែលនឹងការវាយតម្លៃរបស់ ស្ថាប័នអន្ដរជាតិធំៗផងដែរ។
ឯកឧត្ដម វង្សី វិស្សុត បន្ថែមថា ឆ្នាំ ២០២៣ ជាឆ្នាំសាកល្បងមួយ ដែលត្រូវតទល់នឹងភាពលំបាកដោយត្រូវប្រឈមហានិភ័យដូចជា បញ្ហាអតិផរណា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាប្រាក់ដុល្លារឡើងថ្លៃដែលហានិភ័យនេះ បានក្លាយជាការពិត ខណៈសេដ្ឋកិច្ចសកល ក៏ត្រូវបានស្ថាប័នអន្តរជាតិធំៗ ទម្លាក់ការព្យាករមកត្រឹម ២,៧% សម្រាប់ឆ្នាំ ២០២៣នេះ។
ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣នេះ ធៀបនឹងឆ្នាំ២០២២ មានការកើនឡើងបន្ដិច ដោយសារតែការងើបឡើងនៃវិស័យកសិកម្មបន្ដិច ខណៈផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ រំពឹងមានកំណើនខ្ពស់ ហើយក្ដីសង្ឃឹមខ្លាំងគឺ ការកើនឡើងនៃវិស័យទេសចរណ៍ចំណែកស៊ីហ្គេម ក៏ដើរតួនាទីធំក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា។ទោះបីជាយ៉ាងណា វិស័យសំណង់និងអចលនទ្រព្យ នៅតែស្ថិតក្នុងភាពទាន់មិនល្អប្រសើរនៅឆ្នាំ ២០២៣នេះ ដែលមានកំណើនយឺតយ៉ាវអូសបន្លាយបន្ដទៀតប្រសិនបើសភាពការណ៍វិនិយោគខាងក្រៅប្រទេស មិនទាន់ប្រសើរឡើង៕ដោយៈសិរីមតី