អន្តរជាតិ

អ៊ុយក្រែនសុំយន្តហោះចម្បាំងលោកខាងលិច បន្ថែមទៀត បន្ទាប់ពីទើបសុំរថក្រោះរួច

រដ្ឋាភិបាលហ្សេឡិនស្គី បានប្រកាសចង់សុំយន្តហោះចម្បាំងទំនើបរបស់លោកខាងលិច​ពីលើបន្ថែមទៀត ខណៈដែលភាគីអាល្លឺម៉ង់បានបដិសេធយ៉ាងដាច់អហង្ការ។

លោក Yuriy Sak ជាទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Oleksiy Reznikov បានលើកឡើងនូវកង្វល់ថ្មី សំណើថ្មីនេះកាលពីថ្ងៃពុធទី២៥ ខែមករា ឆ្នាំ២០២៣ ពោលគឺបន្ទាប់ពីការសម្រេចចិត្តផ្តល់ជូននូវរថក្រោះខ្លារខិន និងរថក្រោះ M1 Abramsជាច្រើនគ្រឿងបានធ្វើឡើងដោយអាម៉េរិក និងអាល្លឺម៉ង់។ ទីប្រឹក្សាមេទ័ពកំពូល​អ៊ុយក្រែនរូបនេះបាននិយាយថា “ឧបសគ្គដ៏ធំបន្ទាប់នាពេលឥឡូវនេះ គឺជាយន្តហោះចម្បាំង” ។ “ប្រសិនបើយើងទទួលបានពួកវា គុណសម្បត្តិនៅលើសមរភូមិនឹងកាន់តែធំធេងល្អខ្លាំង… វាអាចជាយន្តហោះចម្បាំងជំនាន់ទីបួន ដូចជា F-16 របស់អាម៉េរិក  នេះហើយគឺជាអ្វីដែល​យើងចង់បាន”។

លោកទីប្រឹក្សាក៏បានកត់សម្គាល់ទៅកាន់មិត្តលោកខាងលិចរបស់ខ្លួន ថាជាអ្នកមានចិត្តទូលាយ ថ្វីបើបដិសេធតែមាត់ក៏ដោយ។ Yuriy Sak ថា “សម្ព័ន្ធមិត្តមិនចង់ផ្តល់កាំភ្លើងធំដល់ពួកយើងទេ បន្ទាប់មកពួកគេក៏ផ្តល់។ ពួកគេមិនចង់ផ្តល់ឱ្យយើងនូវប្រព័ន្ធ HIMARS បន្ទាប់មកពួកគេក៏បានផ្តល់។ ពួកគេ​មិន​ចង់​ឲ្យ​រថក្រោះ​ដល់​យើង​ទេ ឥឡូវ​គេក៏បានទើបយល់ព្រមផ្តល់ឲ្យទៀត។ និយាយជាចុងក្រោយ “ក្រៅ​ពី​អាវុធ​នុយក្លេអ៊ែរ វា​មិន​មាន​អ្វី​នៅ​សេសសល់​ដែល​យើង​មិន​អាច​ទទួល​បាន​នោះ​ទេ”។

យ៉ាងណាមិញ ចំពោះសំណើយន្តហោះចម្បាំងក្រោយនេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz ស្គាល់ថាជាម្ចាស់នៃរថក្រោះខ្លារខិនបានបដិសេធយ៉ាងដាច់អហង្ការតែម្តង។ គាត់បាននិយាយ​នៅក្នុងសភាថា “ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ យើងមិននិយាយអំពីយន្តហោះប្រយុទ្ធទេ ហើយខ្ញុំក៏មិនផ្តល់ជូនវានោះដែរ”៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា