សេដ្ឋកិច្ច

បុណ្យចូលឆ្នាំ​ចិន​៤​ថ្ងៃ ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​ទូទាំងប្រទេស​ជាង​១​លាន​នាក់​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានឱ្យដឹង​កាលពី​ថ្ងៃទី​២៥​ខែមករា​ថា​៖​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន រយៈពេល​៤​ថ្ងៃ (២១-២៤ ខែមករា ២០២៣)​ភ្ញៀវទេសចរ​បានចេញ​ដើរ​កម្សាន្ត​ទូទាំងប្រទេស​សរុប​១,០៤៩,២២២​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​១,០០៧,១៦៦​នាក់ និង​ភ្ញៀវ​បរទេស​៤២,០៥៦​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រយៈពេល​៤​ថ្ងៃនេះរួមមាន​៖​ខេត្ត​ព្រះសីហនុ​ទទួលបាន​ទេស​ចរ២៩៦,០២៨​នាក់ ខេត្តសៀមរាប១០៥,៤៨១ ​នាក់ ខេត្តបាត់ដំបង ១០២,៧៧៨​នាក់​ ​ខេត្តកំពត ៨២,១៩៩​នាក់ ខេត្ត​ប៉ៃលិន ៨១,៥០០​នាក់ ខេត្តកំពង់ចាម ៦៧,៩១៤​នាក់ ខេត្ត​កែប ៦៧,០៣០​នាក់​។​

​ដោយសារ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ​ប៉ះចំ​ចុង​សប្តាហ៍ គេ​សង្កេតឃើញថា​ចរន្ត​ភ្ញៀវទេសចរ និង​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ប្រជាពលរដ្ឋ​ទៅកាន់​គោលដៅ​ទេសចរណ៍​នានា​មាន​សភាព​ផុសផុល​ច្រើន ខណៈដែល​ប្រជាពលរដ្ឋ​មួយចំនួន​បានចាប់ផ្តើម​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​តាំងពី​ល្ងាច​ថ្ងៃ​សុក្រ​ដើម្បី​រៀបចំ​សែន​តាម​ប្រពៃណី​ចិន​។​

​ប្រជាជន​មួយចំនួន​បាន​ត្រឡប់​ចូល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ ហើយ​ខ្លះទៀត​បាន​ត្រលប់​ចូល​វិញ​នា​ល្ងាច​ម្សិល​ម៉ិ​ញ ខណៈដែល​អាជីវករ​នៅតាម​ផ្សារ និង​លក់ដូរ​នៅតាម​ផ្ទះ​បាន​បិទតូប និង​ហាង​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ចូលឆ្នាំ​នេះ ដើម្បី​ជួបជុំ​គ្រួសារ និង​ដើរ​កម្សាន្ត ស្របពេល​អង្គភាព និង​ស្ថាប័ន​មួយចំនួន​បានអនុញ្ញាត​ឱ្យ​បុគ្គលិក​ឈប់សម្រាក ដោយ​ដាក់​ជា​កម្មវិធី​ប្រជុំ​បូកសរុប​ប្រចាំឆ្នាំ​ជាដើម​។

​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​សុទ្ធតែ​ទទួលបាន​ចំនួន​ភ្ញៀវទេសចរ​កកកុញ ខណៈ​ប្រជាពលរដ្ឋ​ភាគច្រើន​ដើរ​កម្សាន្ត​ជា​លក្ខណៈ​ក្រុមគ្រួសារ ហើយ​ខ្លះទៀត​ដើរ​កម្សាន្ត​ច្រើន​គោលដៅ​។​

​ដោយឡែក សម្រាប់​ខេត្ត​ព្រះសីហនុ​ភ្ញៀវទេសចរ​ភាគច្រើន​ទៅ​ព្រឹក​មកវិញ​ល្ងាច​ជាមួយ​ការធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន​ទន្ទឹមនឹងនេះ  ប្រជាពលរដ្ឋ​មួយចំនួន​បាន​យកតាម​ខ្លួន​នូវ​ម្ហូបអាហារ​ដែល​បាន​សែន​រួច ទៅ​បរិភោគ​ដើម្បី​កាត់បន្ថយ​ចំណាយ​មួយចំនួន​ផងដែរ​៕ដោយ ផាវី