សន្ដិសុខសង្គម

តុលាការដាក់គុកបុរសម្នាក់រឿងគ្រឿងញៀនក្រោយពីផ្ដន្ទាទោស៣ឆ្នាំ

ភ្នំពេញ៖តុលាការភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែមករានេះ បានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនបុរសម្នាក់ទៅ​ពន្ធនាគារ​ព្រៃស ក្រោយពីផ្ដន្ទាទោស៣ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន។

មន្ត្រីតុលាការបានឱ្យដឹងថា បុរសម្នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញបញ្ជាឱ្យសមត្ថកិច្ច​បញ្ជូនទៅដាក់ពន្ធនាគារក្រោយបានផ្ដន្ទាទោសរួច។ជនត្រូវចោទឈ្មោះ យូ វណ្ណារ័ត្ន អាយុ២៤ឆ្នាំ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សូមរំលឹកថា ជនជាប់ចោទខាងលើត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមករា តាមដីការបង្គាប់ឱ្យចាប់ខ្លួនលេខ១៧៤ “ត ដ.ច.ន ចុះថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៨។ដីកានោះចេញដោយចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញដែលចោទប្រកាន់ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

បន្ទាប់ពីមានសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់៣ឆ្នាំនិងពិន័យប្រាក់៤លានរៀលរួច ជនជាប់ចោទបានរត់គេចខ្លួនរហូតមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះទើបចាប់ខ្លួន​បាននិងបញ្ជូនទៅពន្ធនាគារតែម្តង៕ដោយ៖វិចិត្រ