សន្ដិសុខសង្គម

ចោរចាក់ប្លន់យកលុយនិងទូរសព្ទបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ជនសង្ស័យម្នាក់បានចាក់ប្លន់យកលុយនិងទូរសព្ទទៅបាត់បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ គេឃើញដេកនៅលើបង់សម្រាប់អង្គុយមានទាំងឈាមជោកដៃនិងខ្លួន។ហេតុការណ៍បង្កការភ្ញាក់ផ្អើល​នេះបានកើតឡើងនៅម្តុំផ្លូវ១៤៤ ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី២៥ ខែមករា ត្រូវបានគេជួយហៅរថយន្តដឹកយកទៅមន្ទីរពេទ្យ។

បុរសស្ថិតក្នុងសភាពរងរបួសធ្ងន់នោះបានឱ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូជាមួយ​មិត្តភក្តិរកទិញទឹកផឹកនៅខាងក្រោយវត្តឧណ្ណាលោម។ពេលនោះស្រាប់តែមានជនសង្ស័យ​ម្នាក់បានយកកន្ត្រៃមកចាក់ចំដៃខាងឆ្វេងរបស់គាត់ឱ្យហូរឈាមរួចប្លន់យកកាបូបលុយនិងទូរសព្ទមួយគ្រឿងរត់គេចខ្លួនបាត់។

ចំណែកមិត្តភក្តិឃើញសភាពបែបនេះក៏ជិះម៉ូតូរត់ចោល ទើបគាត់ដើរទាំងឈាមហូរមកដេក​នៅលើបង់តែម្តង។ករណីនេះប្រជាពលរដ្ឋបានឃើញក៏នាំគ្នាជួយទាក់ទងហៅរថយន្តពេទ្យដើម្បីដឹក​យកទៅសង្គ្រោះបន្ទាន់។បន្ទាប់មកសមត្ថកិច្ចក៏បានបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមក​ចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ