សន្ដិសុខសង្គម

ឃុំខ្លួនបុរសចិនម្នាក់ជាប់ចោទពីបទ ជួញដូរគ្រឿងញៀនទម្ងន់៤គីឡូក្រាម

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែមករានេះបានឃុំខ្លួនជនជាតិចិនម្នាក់​ដាក់ពន្ធនាគារ​ព្រៃសជាបណ្តោះអាសន្ន ដែលជាប់ចោទពីបទជួញដូរគ្រឿងញៀនទម្ងន់៤គីឡូក្រាម។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ YANG DEQIANG អាយុ៣៥ឆ្នាំ ជនជាតិចិន ត្រូវបានចោទប្រកាន់ពីបទជួញដូរ-រក្សាទុក-ដឹកជញ្ជូននូវសារធាតុញៀនប្រភេទកេតតាមីន​ចំនួន៤គីឡូក្រាម។ជនជាប់ចោទរូបនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមករា នៅខេត្តព្រះសីហនុ​ រួចបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិនិងកសាងសំណុំរឿង​បញ្ជូនទៅ​តុលាការ។

យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា បទរក្សាទុក-ដឹកជញ្ជូន-ផលិតនិង​ចរាចរណ៍ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២០ទៅ៣០ឆ្នាំ ឬអស់មួយជីវិត៕ដោយ៖វិចិត្រ