សេដ្ឋកិច្ច

បុណ្យចូលឆ្នាំ​ចិន​៤​ថ្ងៃ ខេត្តសៀមរាប​ទទួលបាន​ទេសចរ​សរុប​ជាង​១០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ នាឱកាស​បុណ្យចូលឆ្នាំ​ចិន​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២៤ ខែមករា ឆ្នាំ​២០២៣ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជាង​១០​ម៉ឺន​នាក់ ក្នុងនោះ​ទេសចរ​ដែល​ចូលទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ជាង​៥​ម៉ឺន​នាក់​។ នេះ​បើតាម​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​។​

​លោក ង៉ូ​វ សេង​កាក់ បាន​បញ្ជាក់ថា ទេសចរ​ជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មាន​ចំនួន​ប្រមាណ​៩០,០០០​នាក់ ក្នុងនោះ​អ្នក​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​៥១,៩០០​នាក់ រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំនួន​១០,៦០០​នាក់ តំបន់​ទន្លេសាប​មាន​ចំនួន​៥,៣០០​នាក់ សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍ និង​តំបន់​ផ្សេងៗ​មាន​ចំនួន​២២,២០០​នាក់​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បន្តទៀតថា ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង និង​ភ្ញៀវទេសចរ​មកពី​អន្តរជាតិ​មាន​ចំនួន​១៥,៤៨១​នាក់​៕

ដោយៈផាវី