ភ្នំពេញ៖ក្រុមចោរហារយដែលតែងឆក់យកសម្ភារនិងទ្រព្យសម្បត្តិពលរដ្ឋទូទៅដោយគ្មានក្តីមេតា្តនោះ បានឆក់យកកាបូបពីស្ត្រីម្នាក់ជាកម្មករបោសសំរាមតាមផ្លូវយកទៅបាត់។ករណីបង្កឱ្យមានការភ្ញាក់ផ្អើលនេះនៅជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីវេលាទៀបភ្លឺថ្ងៃទី២៥ ខែមករា។
កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុ ស្ត្រីម្នាក់ជាកម្មករបោសសំរាមក្រុមហ៊ុនស៊ីនទ្រី កំពុងតែជិះកង់អាគុយចេញពីផ្ទះទៅកន្លែងធ្វើការ។មកដល់កន្លែងខាងលើ មានចោរ២នាក់ជិះម៉ូតូ១គ្រឿងមកឆក់យកកាបូបដែលទុកក្នុងត្រកកង់អាគុយបានសម្រេចរួចជិះគេចខ្លួនបាត់។
ស្ត្រីរងគ្រោះឈ្មោះ សុខ ភាព អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងទីតាំងក្រុមហ៊ុនស៊ីនទ្រី សង្កាត់ដង្កោ ខណ្ឌដង្កោ។ចំណែកសម្ភារក្នុងកាបូបដែលបាត់បង់មាន ទូរសព្ទដៃម៉ាក oppo មួយគ្រឿង- លុយខ្មែរ៣ម៉ឺនរៀល- ប័ណ្ណ ប.ស.ស.១សន្លឹកនិងសម្លៀកបំពាក់មួយកំផ្លេ៕ដោយ៖វិចិត្រ